FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះអគ្គិភ័យរស់នៅឃុំតាលាស់ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី

04-09-2026 22:27

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាមោងឬស្សី ដឹកនាំដោយលោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាទៅផ្តល់ជូនប្រជាពលរដ្ឋ‌១គ្រួសារ ឈ្មោះ រ៉ន យូ ភេទប្រុស អាយុ៦៤ឆ្នាំ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឲ្យខូចខាតផ្ទះឈើ១ខ្នង ប្រក់ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រ គុណ៤ម៉ែត្រ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១២ ភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នាឱកាសនោះ លោក ឡុង សុភឺន បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសោកស្តាយពីសំណាក់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។

លោកប្រធានអនុសាខា បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូបគឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរក ដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយ សង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយ នូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយ ដែលអនុសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកប្រធានអនុសាខា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ មានស្មារតីប្រុងប្រយ័ត្នចំពោះ ករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។

ក្នុងនាមអនុសាខាស្រុក លោក ឡុង សុភឺន បានលើកទឹកចិត្តដល់គ្រួសារងគ្រោះ ដែលត្រូវបាន ភ្លើងឆាប ឆេះផ្ទះ សម្បែងមិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់ យើងបន្តទៀត។

អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ២៥គីឡូួក្រាម, ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអុីវ១យួរ, ពិល១, ឃីត១កញ្ចប់ (កន្តេល ភួយ មុង ខ្នើយ កន្សៃពោះគោ), សម្ភារ:ផ្ទះបាយមួយចំនួន, ស័ង្កសី២០សន្លឹក និងថវិកា២០ម៉ឺនរៀលផងដែរ៕