កម្មវិធីហាត់កីឡារបស់កងរាជអាវុធហត្ថខេត្តសៀមរាប រួមចំណែកលើកកម្ពស់សុខភាព កាយសម្បទា ស្មារតី និងភាពស្និទ្ធស្នាលជាមួយពលរដ្ឋ
04-09-2026 21:49
(សៀមរាប)៖ កម្មវិធីហាត់កីឡាបែប Functional Training របស់កងរាជអាវុធហត្ថខេត្តសៀមរាប មិនមែនគ្រាន់តែជាការហាត់ប្រាណធម្មតានោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរមួយ ដែលមានគោលបំណងលើកកម្ពស់ សុខភាព កាយសម្បទា ស្មារតី និងភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ។
កម្មវិធីនេះផ្តួចផ្តើមដោយ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយបានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងជនបរទេស គ្រប់វ័យ អាចចូលរួមហាត់កីឡាជាមួយគ្នា ក្នុងបរិយាកាសប្រកបដោយភាពសប្បាយរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាព។
ពីមនុស្សមួយក្រុមតូច កំពុងក្លាយជាសកម្មភាពដែលមានការចូលរួមកាន់តែច្រើន។ ពីការហាត់ប្រាណដើម្បីខ្លួនឯង កំពុងក្លាយជាការហាត់ប្រាណដើម្បី គ្រួសារ សហគមន៍ និងសង្គមដែលមានសុខភាពល្អ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមហាត់កីឡាជាមួយគ្នា ដើម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងបង្កើនភាពស្និទ្ធស្នាល រវាងប្រជាពលរដ្ឋ និងកងរាជអាវុធហត្ថខេត្តសៀមរាប។ កីឡា មិនត្រឹមតែធ្វើឱ្យរាងកាយរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយគ្នា។




