FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដចុះពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្ត Online Scams នៅក្រុងប៉ោយប៉ែត

04-09-2026 21:31

(បន្ទាយមានជ័យ)៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការចុះពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត។

ក្នុងនោះប្រតិបត្តិការនៅទីតាំងទី១៖ កាស៊ីណូ ម៉ារីណាន អ៊ីនធើណេសសិនណល ស្ថិតនៅភូមិគីឡូល៣ខ៤ សង្កាត់ផ្សារកណ្ដាល ប្រតិភូលេខាធិការដ្ឋាន គ.ល.ក បានចុះត្រួតពិនិត្យកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ និងទីតាំងទី២៖អគារ ខេអឹមអេច កាស៊ីណូ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាទីតាំងដែលកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបបិទសៀលកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


ទីតាំងទី៣ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានត្រួតពិនិត្យឃើញថា ម្ចាស់ទីតាំងមានឈ្មោះ តាំង សុខហេង ភេទប្រុស បានចូលរួមសហការជាមួយក្រុមការងារ ទីតាំងអគារជួលមានកម្ពស់៥ជាន់ ២៥បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាអគារទុកចោលមិនដំណើរការ មិនមានអ្នកស្នាក់នៅ ពុំមានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។

ទន្ទឹមនេះ ដោយទទួលបានការរាយការណ៍ពីគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ថាម្ចាស់ទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ បានរាយការណ៍ថា ជនបរទេសស្នាក់នៅទីតាំងរបស់ខ្លួន បានយកសម្ភារ:ចូលក្នុងទីតាំង សង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ក្រុមការងារបានចុះដល់ទីតាំងដើម្បីត្រួតពិនិត្យ ឃើញថា ផ្ទះវីឡាមានកម្ពស់២ជាន់ ៦បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនជាតិចិនស្នាក់នៅចំនួន៣នាក់ប្រុស មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ សម្ភារ:ដែលជនបរទេសយកចូលក្នុងទីតាំង ពុំមានសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទេ៕