មន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលទទួលការចាប់អារម្មណ៍ និងកោតសរសើរខ្លាំង ដោយសារជួយបើកម៉ូតូសម្រួលផ្លូវជូនស្រ្តីត្រូវសម្រាលកូនបន្ទាន់ ទទួលថវិកាលើកទឹកចិត្តពីលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ
04-09-2026 17:28
(ភ្នំពេញ)៖ នៅវេលារសៀល ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀល ជូនលោកអនុសេនីយ៍ត្រី ជា វាសនា មន្ត្រីចរាចរណ៍រាជធានីភ្នំពេញម្នាក់ ដើម្បីលើកទឹកចិត្ត ដែលបានបំពេញតួនាទីភារកិច្ច ក្នុងការជួយសំរួលចរាចរណ៍ដល់ស្រ្តីដែលត្រូវសម្រាលកូនជាបន្ទាន់នៅតាមដងផ្លូវ ទៅដល់មន្ទីពេទ្យកាលម៉ែតប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។
ថវិកានេះត្រូវបានលោកវរសេនីយ៍ត្រី ឈា អេងសាន អនុប្រធានលេខាធិការដ្ឋានកណ្តាលនគរបាលយុត្តិធម៌ យកទៅប្រគល់ជូនផ្ទាល់។ សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី ជា វាសនា ត្រូវបានគេចាប់អារម្មណ៍និងកោតសរសើរខ្លាំង ពីមហាជនតាមបណ្តាញសង្គម ដោយសារតែលោកបានបើកម៉ូតូជួយសម្រួលស្រ្តីដែលត្រូវសម្រាលកូនម្នាក់ជាបន្ទាន់ ដែលកំពុងធ្វើដំណើរតាមផ្លូវសហព័ទ្ធរុស្ស៊ី ឆ្ពោះមកកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា៕



