មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ វិស័យឯកជនដើរតួនាទីស្នូល ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា
04-09-2026 17:24
(ភ្នំពេញ)៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីភាពសំខាន់ និងមិនអាចកាត់ចោលបានទេ ក្នុងការជួយឲ្យសម្រេចបានលើការអភិវឌ្ឍន៍លើគ្រប់វិស័យ ពីវិស័យឯកជន ពោលគឺវិស័យឯកជន ជាកត្តាលីករចាំបាច់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល។
ការលើកឡើងរបស់លោក រស់ សីលវ៉ា ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកម្មវីធី វេទិកាជាតិគណនេយ្យ២០២៦ ក្រោមប្រធានបទ ការបញ្ជូលស្ដង់ដា ការរាយការណ៍ព័ងត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
លោក រស់ សីលវ៉ា បានថ្លែងថា «ការម្រេចបានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពេលបច្ចុប្បន្ន និងពេលកន្លងទៅ ព្រមទាំងបន្ដទៅថ្ងៃអនាគត គឺមិនអាចកាត់ផ្ដាច់បានឡើយពី ការរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានពីវិស័យឯកជន ដែលជាកត្តាលីករចាំបាច់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល»។
លោកបានបន្ដថា វិស័យឯកជនបានចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។
លោកបានបន្ថែមថា សម្រាប់វេទិកាជាតិគណនេយ្យ ២០២៦ ក្រោមប្រធានបទ ការបញ្ជូលស្ដង់ដា ការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា គឺឆ្លើយតបប្រកបដោយ សុគត់ភាពទៅនឹងក្របខណ្ឌគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសក្របខណ្ឌសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥។
លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានថ្លែងឲ្យដឹងថា វិស័យគណនេយ្យ និងសវនកម្ម មិនត្រឹមតែជាវិស័យមួយនៃសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្ដែវាជាហេដ្ឋារចនាសម្ព័ន្ធទន់ដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបាន ក្នុងការធានានូវតម្លាភាពគណនេយ្យភាព និងការកសាងទំនុកទុកចិត្តសម្រាប់ធុរជន និងវិនិយោគទុនជាតិ និងអន្ដរជាតិ។
លោកបានបន្ថែមថា កម្ពុជាកំពុងឈានដល់ដំណាក់កាលមួយ ដែលភាពធននៃសេដ្ឋកិច្ចជាតិ មិនត្រឹមតែផ្អែកលើកំណើនផ្លូវការប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានការតម្រូវឲ្យមានការត្រៀមខ្លួនរួចរាល់ ស្រប់នឹងការរំពឹងទុកនៃទីផ្សារពិភពលោកផងដែរ។
វេទិកាជាតិគណនេយ្យឆ្នាំ២០២៦ មានគោលបំណងសំខាន់ ក្នុងការលើកកម្ពស់សុឆន្ទៈ និងយុទ្ធសាស្ត្រអាទិភាពរួម ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការរាយការណ៍ព័ត៌មានចីរភាព។ វេទិកានេះនឹងសម្រេចបាននូវគោលដៅនេះ ដោយការបញ្ចូលស្តង់ដាអន្តរជាតិ ការផ្តល់អាទិភាពគោលនយោបាយជាតិ និងការអភិវឌ្ឍធនធានមនុស្ស។
លើសពីនេះវេទិកានឹងកំណត់សកម្មភាពអាទិភាពជាក់ស្ដែង សម្រាប់និយ័តករ សហគ្រាស សមាគមអាជីវកម្ម ស្ថាប័នវិជ្ជាជីវៈ និងស្ថាប័នអប់រំពាក់ព័ន្ធទាំងអស់ សម្រាប់គោលដៅចុងក្រោយ គឺដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនៃ ការរាយការណ៍ព័ត៌មានចីរភាពមួយដែលអាចជឿទុកចិត្តបាន៕

















