FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី គី តិច អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា

04-09-2026 17:05

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ តំណាងឧបនាយក រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន គ.ក.ច. បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ សមាជិក ទីប្រឹក្សា ជំនួយការ និងមន្ត្រីនៃក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងក្នុងសិក្ខាសាលានេះ, ទេសរដ្ឋមន្ត្រី គី តិច បានបញ្ជាក់ជូនអង្គសិក្ខាសាលាអំពីគោលបំណងនៃការរៀបចំឡើងនូវសិក្ខាសាលានេះ គឺមានគោលបំណងដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល និងពិភាក្សាអំពីការចូលរួមចំណែករបស់ក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីរួមចំណែកពន្លឿនការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល និងត្រូវបានរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជាសាវតារនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល លទ្ធផលសម្រេចបាន ទិសដៅការងារបន្តរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាពិសេសយន្តការប្រទាក់ក្រឡាមិនអាចខ្វះគ្នាបានរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ថែមពីនេះសិក្ខាសាលានេះក៏បានផ្តល់បទបង្ហាញស្តីពី៖ ការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយលោក លី ច័ន្ទតុលា រដ្ឋលេខាធិការ អនុប្រធាន និងជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ជូនអង្គសិក្ខាសាលាផងដែរ។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក លោកស្រី ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធចំនួន ១៤២រូប៕