សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្លងផុតព្រឹទ្ធសភា (Video inside)
04-09-2026 16:52
(ភ្នំពេញ)៖ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ការឯកភាពបានធ្វើឡើង នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសព្រឹទ្ធសភា បានបើកកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីកែលម្អរូបមន្ត ឬវិធីសាស្ត្រកំណត់មុខតំណែង ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការនៃ ការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន។ ការធ្វើវិសោធនកម្មនេះ មានគោលដៅធានាឱ្យការកំណត់ មុខតំណែងថ្នាក់ដឹកនាំ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងលទ្ធផលនៃការបោះឆ្នោត ស្របទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រមទាំងពង្រឹង ប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងរដ្ឋបាល។ ទន្ទឹមនឹងនេះ សេចក្តីព្រាងច្បាប់នេះ ក៏សំដៅធានាឱ្យមានឯកភាព និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន លើកកម្ពស់ ការទទួលខុសត្រូវ និងភាពម្ចាស់ការរបស់ថ្នាក់ដឹកនាំ ព្រមទាំងគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនមានគោលបំណង កែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈដែលមានចែងក្នុងច្បាប់ជាធរមាននោះឡើយ។
អត្ថប្រយោជន៍សំខាន់ៗ នៃសេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹង អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព និងឯកភាព ក្នុងការ ដឹកនាំរបស់រដ្ឋបាលឃុំ សង្កាត់។ សេចក្តីព្រាងច្បាប់នេះ នឹងជួយពង្រឹងស្ថិរភាព និងនិរន្តរភាពនៃ ការអនុវត្តគោលនយោបាយ កម្មវិធីអភិវឌ្ឍន៍នានានៅមូលដ្ឋាន ព្រមទាំងបង្កើនគុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះ នឹង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ឱ្យកាន់តែមាន តម្លាភាព គណនេយ្យភាព ព្រមទាំងពង្រឹងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាព កាន់តែប្រសើរក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ ប្រជាពលរដ្ឋ។
សេចក្តីព្រាងច្បាប់នេះ ជាការកែលម្អក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងការរៀបចំថ្នាក់ដឹកនាំ រដ្ឋបាលឃុំ សង្កាត់ សំដៅពង្រឹងការអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ធានានិរន្តរភាព ការងាររដ្ឋបាល និងឆ្លើយតបបានទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដោយផ្អែកលើគោលការណ៍ នីតិរដ្ឋ និងគោលការណ៍នៃរដ្ឋធម្មនុញ្ញ។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។
លោកបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីល ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមាន យោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ នេះដោយឥតកែប្រែចំនួន ៥៣សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕



























