យុវសិស្ស ហាញ់ ភ័ត្រា ជំនះភាពទីទ័លក្រ រួមទាំងឪពុកមានជំងឺប្រចាំកាយ ប្រឹងរៀនសូត្រទទួលបាននិទ្ទេស A
04-09-2026 16:38
(កំពង់ធំ)៖ ភាពទីទ័លក្រនៃជីវភាពគ្រួសារ មិនមែនជាឧបសគ្គសម្រាប់យុវសិស្ស ហាញ់ ភ័ត្រា ក្នុងការចាប់យកនិទ្ទេស A នោះឡើយ, យុវសិស្សរូបនេះ បានបង្ហាញនូវការតស៊ូព្យាយាមយ៉ាងអស្ចារ្យ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ។
យុវសិស្ស ហាញ់ ភ័ត្រា រស់នៅភូមិជាអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានជំនះរាល់ការលំបាកក្នុងជីវភាពគ្រួសារ ដោយបានខិតខំសិក្សារៀនសូត្រយ៉ាងខ្ជាប់ខ្ជួននៅវិទ្យាល័យ ហ៊ុន សែន ចំណាលើ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវធ្វើដំណើរទៅសាលារៀនដែលមានចម្ងាយជិត ១០គីឡូម៉ែត្រ ដោយជិះកង់ ឬជួនកាលជិះម៉ូតូជាមួយមិត្តភក្តិ។ ទោះបីជាមានការលំបាកក្នុងការធ្វើដំណើរ និងជីវភាពខ្វះខាតយ៉ាងណាក៏ដោយ ក៏យុវសិស្សរូបនេះមិនដែលបោះបង់ការសិក្សានោះទេ។
លើសពីនេះក្រៅពីការយកចិត្តទុកដាក់លើការសិក្សា ហាញ់ ភ័ត្រា ក៏បានឆ្លៀតពេលជួយកិច្ចការផ្ទះ និងមើលថែឪពុកដែលកំពុងមានជំងឺប្រចាំកាយថែមទៀតផង។ ការលះបង់ និងការតស៊ូរបស់យុវសិស្ស ហាញ់ ភ័ត្រា ពិតជាបានក្លាយជាគំរូដ៏ល្អមួយសម្រាប់សិស្សានុសិស្សដទៃទៀត ក្នុងការជំនះរាល់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត។ ភាពជោគជ័យរបស់គាត់បានបង្ហាញថា ការតស៊ូព្យាយាម និងឆន្ទៈមុតមាំ គឺជាកត្តាគន្លឹះក្នុងការសម្រេចបាននូវក្តីស្រមៃ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
តែទោះយ៉ាងណាយុវសិស្ស ហាញ់ ភ័ត្រា ក៏កំពុងតែជួបឧបសគ្គ ក្នុងការបន្តការសិក្សានៅក្នុងថ្នាក់ឧត្តមសិក្សា ដោយសារកត្តាជីវភាពមានការខ្វះខាត, សប្បុរសជនអាចរួមចំណែកជួយយុវសិស្ស ហាញ់ ភ័ត្រា តាមរយៈ ០៨៥ ៣៦៣ ១៩៧ ៕


