អភិបាលស្រុកស្ទោង៖ អាជ្ញាធរបន្តយកចិត្តទុកដាក់លើជីវភាពពលរដ្ឋ និងអភិវឌ្ឍន៍ស្រុកស្ទោងដូចភ្លៀងរលឹម
04-09-2026 16:36
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា រាជរដ្ឋាភិបាល និងអាជ្ញាធរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចភ្លៀងរលឹម។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារជូនដល់គ្រួសារងាយរងហានិភ័យ នៅក្នុងភូមិបុសតាឯក ឃុំទ្រា ស្រុកស្ទោង កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
លោកអភិបាលស្រុក បានបញ្ជាក់ថា អំណោយស្បៀងដែលជាការឧបត្ថម្ភរបស់លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា និងការបំពាក់សូឡាបំភ្លឺផ្លូវដែលជាអំណោយរបស់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង គឺជាការបង្ហាញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
ក្រោមការដឹកនាំរបស់លោក ថោ ជេដ្ឋា ស្រុកស្ទោង បាននិងកំពុងទទួលបានការអភិវឌ្ឍន៍យ៉ាងផុសផុល ជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រស្អេកស្កះគ្រប់ភូមិឃុំ។
ជាមួយគ្នានេះ លោក សាយ គឹមឡម ក៏បានអំពាវនាវដល់អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាគ្រុនឈាម ដែលកំពុងផ្ទុះការរាតត្បាតខ្លាំង ជាពិសេសចំពោះកុមារ។ លោកបានណែនាំឱ្យផ្សព្វផ្សាយ និងបន្តអនុវត្តវិធានការកម្ចាត់ដង្កូវទឹកឱ្យអស់ពីលទ្ធភាព ហើយប្រសិនបើកូនចៅឡើងកម្ដៅខ្លួនខ្លាំង ត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឱ្យបានឆាប់បំផុត។
ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់ពលរដ្ឋឱ្យនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នានៅក្នុងខែតុលានេះ ដើម្បីធានាថាខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតយ៉ាងប្រាកដ៕

















