លោក សោម ស៊ុន៖ សម្ដេចតេជោ ហ៊ុន សែន បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន តាមរយៈការសាងសង់ផ្ទះថ្មី
04-09-2026 16:32
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ការធ្វើផ្ទះថ្មីជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោក និងលោក សាយ គឹមឡម ព្រមទាំងសហការី បានអញ្ជើញប្រគល់ផ្ទះថ្មី១ខ្នង ជូនលោកយាយ ប៉ៅ លំ នៅក្នុងភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពដ៏ថ្លៃថ្លានេះ គឺជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ជាមួយគ្នានេះ គឺជាការជួយជ្រោមជ្រែងដល់គ្រួសារអតីតយុទ្ធជន ដែលស្តែងចេញពីមនោសញ្ចេតនា និងការគិតគូរខ្ពស់ឥតប្រែប្រួលរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរស់នៅរបស់បងប្អូន ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ទន្ទឹមនឹងនេះលោក សោម ស៊ុន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនថ្នាក់ស្រុកស្ទោង ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងជួយសម្រួលទុក្ខធុរៈជូនសមាជិក ក៏ដូចជាសកម្មភាពកសាង និងអភិវឌ្ឍន៍សម្រេចទៅបានដោយរលូន ជាមួយកិច្ចសហការយ៉ាងជិតស្និទ្ធ និងការជ្រោមជ្រែងពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា។
ទង្វើ និងសកម្មភាពទាំងនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពផ្ទាល់របស់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កិត្តិយស ភាពកក់ក្តៅ និងការលើកទឹកចិត្តដល់អ្នកដែលបានសាងគុណបំណាច់ ជូនជាតិនាពេលកន្លងមកទៀតផង។
សូមបញ្ជាក់ថា ការប្រគល់ផ្ទះថ្មីនេះ គឺជូនលោកយាយ ប៉ៅ លំ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលផ្ទះមានទំហំ ៥x៧ ម៉ែត្រ រួមជាមួយនឹងផ្ទះបាយ បន្ទប់ទឹក ហើយក៏មានការឧបត្ថម្ភគាំទ្រ នូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន ថែមទៀតផង។ ការយកចិត្តទុកដាក់នេះ បង្ហាញពីការបន្តគាំទ្រយ៉ាងមុតមាំចំពោះវីរភាព និងការលះបង់របស់អតីតយុទ្ធជនដើម្បីជាតិ៕



















