FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ករណីសាលាដំបូងខេត្តស្ទឹងត្រែង មិនមែនជារឿងចាប់ច្រឡំមនុស្ស តែក្រុមប្រឹក្សាជំនុំជម្រះពុំមានភស្ដុតាងគ្រប់គ្រាន់ និងរឹងមាំដើម្បីដាក់បន្ទុកផ្ដន្ទាទោសឈ្មោះ ស្លេះ វើត

04-09-2026 16:08

(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា ករណីសាលាដំបូងខេត្តស្ទឹងត្រែង មិនមែនជារឿង ចាប់ច្រឡំមនុស្ស ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត។

ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកបានអះអាងថា ករណីបុគ្គលឈ្មោះ ស្លេះ វ៉ើត ដែលសាធារណជនយល់ថាមានការចាប់ច្រឡំឈ្មោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចសេចក្តីឱ្យរួចផុតពីបទចោទប្រកាន់ និងទទួលបានសេរីភាពឡើងវិញរួចរាល់ហើយ ក្រោយពីបានបញ្ចប់សវនាការផ្លូវច្បាប់។

ករណីនេះ មិនមែនជារឿង «ចាប់ច្រឡំមនុស្ស» នោះទេ បើផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ដែលក្រសួងយុត្តិធម៌ទទួលបាននៅថ្ងៃនេះ គឺគ្រប់នីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ នៅគ្រប់ដំណាក់កាល ទាំងចៅក្រមស៊ើបសួរ និងក្រុមប្រឹក្សាជំនុំជម្រះ, សាមីខ្លួន មិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួនម្តងណាឡើយ គឺបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជន ត្រូវចោទយ៉ាងច្បាស់លាស់មុនពេលសាកសួរ។ នៅក្នុងដំណើរការនីតិវិធីទាំងនោះ ជនជាប់ចោទមិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួន (ថាខ្លួនមិនមែនឈ្មោះ ស្លេះ វ៉ើត នោះទេ) នៅចំពោះមុខស្ថាប័នតុលាការឡើយ ដូច្នេះ តុលាការមានកាតព្វកិច្ចបន្តនីតិវិធីសវនាការស្របតាមច្បាប់។

លោកបានបន្ថែមទៀតថា ផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ការដែលតុលាការសម្រេចឱ្យបុគ្គលរូបនេះរួចផុតពីការចោទប្រកាន់ គឺមិនមែនដោយសារតែតុលាការរកឃើញថា មានការចាប់ច្រឡំមនុស្សនោះទេ ប៉ុន្តែដោយសារតែនៅក្នុងសវនាការ ក្រោយពីបានស្តាប់ចម្លើយតទល់ជាមួយសាក្សី ភាគីពាក់ព័ន្ធ និងមេធាវីការពារក្ដី ក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត ឡើយ ដូច្នេះផ្អែកលើអង្គហេតុ និងអង្គច្បាប់ ទើបក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចសេចក្តីឱ្យរួចផុតពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រឺដើម្បីយកធ្វើជាកម្មសិទ្ធិ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ហើយយន្តការ នៃក្រុមអធិការកិច្ចរបស់ក្រសួងនៅតែដំណើរការជាធម្មតា ដើម្បីពិនិត្យមើលភាពត្រឹមត្រូវ នៃការអនុវត្តិនីតិវិធីចំពោះករណីខាងលើ៕