FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់ RPRU ដោយលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យបសុសត្វ

04-09-2026 15:39

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់ RPRU ដែលបង្កើតឡើងដោយកូនខ្មែរ មានទីតាំងស្ថិតនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យបសុសត្វនៅក្នុងខេត្ត។

ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កសិដ្ឋាន និងបានលើកទឹកចិត្តឱ្យពង្រីកការចិញ្ចឹមគោសាច់ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ដើម្បីបង្កើនសមត្ថភាព ផ្គត់ផ្គង់បំពេញតម្រូវការទីផ្សារទាំងក្នុងស្រុក និងឈានទៅដល់ការនាំចេញ។ កសិដ្ឋាន RPRU ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២២ លើផ្ទៃដីប្រមាណជាង ៦០ហិកតា និងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានវិញ្ញាបនបត្រជាកសិដ្ឋានគ្មានជំងឺឆ្លងទូទាំងប្រទេស។

បច្ចុប្បន្នកសិដ្ឋានមានមេគោពូជ និងមេគោបង្កាត់សិប្បនិម្មិតជាង ១,០០០ក្បាល ដែលបានចាប់ផ្ដើមបង្កាត់កាលពីអំឡុងចុងឆ្នាំ២០២៥ ហើយរហូតមកដល់ពេលនេះ ទទួលបានកូនគោដែលអាចបញ្ចេញបានសម្រាប់ ផ្គត់ផ្គង់កសិដ្ឋានគោសាច់។

ជំហានដំបូង កសិដ្ឋានបានសាកល្បងចិញ្ចឹមគោសាច់ប្រមាណជាង ៤០០ក្បាល រហូតមកដល់ឆ្នាំ២០២៦នេះ មានជាង ៤,០០០ក្បាល និងគ្រោងពង្រីកឱ្យបាន ៦,០០០ក្បាលនៅចុងឆ្នាំ២០២៦។ អ្នកគ្រប់គ្រងកសិដ្ឋានបានបញ្ជាក់ថា តម្លៃគោសាច់នាពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរ ដែលធ្វើឱ្យប្រជាកសិករនៅតែបន្តការចិញ្ចឹមគោ។

អ្នកគ្រប់គ្រងកសិដ្ឋាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការងារចិញ្ចឹមគោសាច់នេះ។ ការគាំទ្រនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យបសុសត្វឱ្យកាន់តែរីកចម្រើន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕