អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ១៧ខ្នង ជូនអតីតយុទ្ធជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
04-09-2026 15:35
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍កម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះចំនួន ១៧ខ្នង ជូនដល់អតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងមណ្ឌលតេជោសន្តិភាព២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា។
លោកអភិបាលខេត្តក៏បានសម្តែងការដឹងគុណចំពោះវីរភាពរបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយចិត្ត ដើម្បីការពារទឹកដី សន្តិភាព និងកសាងសុខសន្តិភាពជូនមាតុភូមិកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភគាំពារដល់ក្រុមគ្រួសារ ឧបត្ថម្ភដី និងផ្ទះ សម្រាប់ស្នាក់នៅសមរម្យ ព្រមទាំងផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីជួយសម្រាលបន្ទុកចំណាយលើការថែទាំសុខភាព ជាពិសេសនៅក្នុងវ័យជរា ឬអ្នកដែលមានពិការភាព៕


















