ថ្នាក់ដឹកនាំខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពផ្លូវចាប់ពីផ្សារកអណ្ដើក រហូតដល់ច្រកទ្វាព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក
04-09-2026 15:29
(ព្រៃវែង)៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែតង និងលោក សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើស្ថានភាពផ្លូវចាប់ពីតំបន់ផ្សារកអណ្ដើក រហូតដល់ច្រកទ្វារព្រំដែនស្វាយអាង៉ោង។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការជួសជុល និងកែលម្អកំណាត់ផ្លូវនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
កំណាត់ផ្លូវខាងលើនេះ ត្រូវបានចាត់ទុកជា ផ្លូវសេដ្ឋកិច្ចពិសេស ដ៏មានសារៈសំខាន់បំផុត ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិត និងការដឹកជញ្ជូនទំនិញឆ្លងកាត់រកស៊ីជាមួយ ប្រទេសជិតខាង គឺប្រទេសវៀតណាម។
តាមរយៈការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ រដ្ឋបាលខេត្តរំពឹងថា នឹងអាចជំរុញឱ្យកិច្ចការជួសជុល និងអភិវឌ្ឍន៍ផ្លូវនេះចាប់ផ្ដើមបានឆាប់រហ័ស ដើម្បីធានាបាននូវភាពរលូន និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បានបន្តចុះពិនិត្យការរស់នៅរបស់មន្ត្រីប្រចាំការនៅតាមច្រកទ្វារស្វាយអាង៉ោង ក៏ដូចជា បន្តដំណើរចុះពិនិត្យការរស់នៅរបស់មន្ត្រីប្រចាំការនៅច្រកទ្វារតំបន់ពាមមន្ទានោះផងដែរ៕



















