ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ចុះពង្រឹងគុណភាព និងពិនិត្យការអនុវត្តការងារនៅមណ្ឌលសុខភាពក្រាំងស្លា
04-09-2026 15:26
(តាកែវ)៖ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារនៅមណ្ឌលសុខភាពក្រាំងស្លា ក្នុងស្រុកព្រៃកប្បាស។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងតាមដាន វាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មណ្ឌលសុខភាព ព្រមទាំងស្វែងយល់ពីសមិទ្ធផល បញ្ហាប្រឈម និងតម្រូវការគាំទ្រចាំបាច់នានា។
ក្នុងឱកាសនោះ លោកឱសថការី ផាន់ វ៉ាន់ បានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមការងារមណ្ឌលសុខភាព ឱ្យបន្តពង្រឹងការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបានសង្កត់ធ្ងន់លើការបង្កើន ស្មារតីទទួលខុសត្រូវ ការងារជាក្រុម និងការប្រើប្រាស់ទិន្នន័យសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីជាមូលដ្ឋានរៀបចំផែនការ តាមដាន និងវាយតម្លៃលទ្ធផលការងារ។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ក្រុមទ្រទ្រង់សុខភាពភូមិ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងការផ្សព្វផ្សាយអប់រំសុខភាព និងកៀរគរប្រជាពលរដ្ឋឱ្យមកទទួលសេវា។ ជាពិសេស ការស្វែងរកប្រជាពលរដ្ឋដែលមានហានិភ័យ ឬសង្ស័យជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម គឺចាំបាច់ណាស់ដើម្បីធានាការរកឃើញជំងឺទាន់ពេលវេលា ការបញ្ជូន និងការតាមដានព្យាបាលបានសមស្រប។
ការចុះត្រួតពិនិត្យនេះ គឺជាផ្នែកមួយនៃការពង្រឹងយន្តការតាមដាន និងគាំទ្របច្ចេកទេសដល់មូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពសេវាសុខាភិបាល ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រោមពាក្យស្លោក «រួមគ្នាពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីសុខុមាលភាព និងសុខភាពល្អប្រសើររបស់ប្រជាពលរដ្ឋ»៕











