រាជរដ្ឋាភិបាលនឹងចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី តាមរយៈ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្នុងខែកញ្ញានេះ
04-09-2026 15:09
(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង អ្នកប្រកបរបររត់រ៉ឺម៉កកង់បី ក្នុងអំឡុងមានសម្ពាធថ្លៃប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ លើកទី១ ក្នុងខែកញ្ញានេះ។
ការឧបត្ថម្ភសាច់ប្រាក់នេះ នឹងធ្វើឡើងចំនួន ៤លើកដោយបើកផ្តល់មួយខែម្តង។ ការរៀបចំអនុវត្តជាក់ស្តែង នឹងត្រូវបានប្រកាសជាផ្លូវការ ក្នុងពេលដ៏ឆាប់ខាងមុខ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា កម្មវិធីនេះ គឺជាការដាក់ចេញនូវវិធានការផ្នែកតម្រូវការ ដែលស្រដៀងគ្នានឹងការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា» កាលពីឆ្នាំ ២០២២-២០២៣ កន្លងទៅ ផងដែរ ។ កម្មវិធីនេះ គឺជាការរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការបន្ធូរបន្ទុកជីវភាពរបស់ប្រជាជនក្រីក្រ ខណៈដែលអត្រាអតិផរណា បានកើនខ្ពស់ ជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។
ជាមួយគ្នានេះ តាមរយៈកញ្ចប់អន្តរាគមន៍ទី៣ រាជរដ្ឋាភិបាល ក៏កំពុងសិក្សារៀបចំយន្តការ និង គ្រោងដាក់ឲ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ ទៅជាការប្រើប្រាស់អគ្គិសនីផងដែរ។
តាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កម្មវិធីនេះ នឹងចាប់ផ្តើមសាកល្បង លើការបំប្លែងរ៉ឺម៉កកង់បី ចំនួនប្រមាណជាង ៦០ ០០០ គ្រឿង នៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅតាមបណ្តាខេត្តនានា ។ ទន្ទឹមនេះ កញ្ចប់អន្តរាគមន៍ ទី៣ នេះ ក៏មានការគិតគូរ ដាក់ចេញផងដែរ នូវវិធានការពង្រឹងសន្តិសុខថាមពល, កាត់បន្ថយហានិភ័យ ពីការរំខាននៃការផ្គត់ផ្គង់ និង ធានាលទ្ធភាពឆ្លើយតប ក្នុងគ្រាអាសន្ន ឬ វិបត្តិថាមពល តួយ៉ាង ការរៀបចំផែនការប្រតិបត្តិ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងករណីមានភាពអាសន្នផ្នែកថាមពល, ការអភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់ការគ្រប់គ្រងការផ្តល់កូតាប្រើប្រាស់ប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ និង ការពង្រឹងស្តុកបម្រុងយុទ្ធសាស្រ្តប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ ស្របតាមស្តង់ដាអន្តរជាតិ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ផងដែរថា «កម្មវិធីអន្តរាគមន៍» ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនាពេលនេះ មិនមែនសម្រាប់តែការដោះស្រាយផលប៉ះពាល់ភ្លាមៗនៃវិបត្តិ តែមួយមុខប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំង ជាការវិនិយោគលើប្រជាជន, ការបង្កើតការងារ, ការបង្កើនផលិតភាព ជាពិសេស សម្រាប់សហគ្រាសធុន មីក្រូ, តូច និង មធ្យម និង ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ជាកញ្ចប់រួមតែមួយ។ «កម្មវិធីអន្តរាគមន៍» នេះ អាចត្រូវបានចាត់ទុកជាឧបករណ៍វិធានការគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំរក្សាលំនឹងជីវភាពប្រជាជន និង ពង្រឹងភាពធន់របស់សហគ្រាស, ជាពិសេស សហគ្រាសធុន មីក្រូ, តូច និង មធ្យម, សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ ២០២៦ នេះ និង ជាមូលដ្ឋានសម្រាប់គាំទ្រសេដ្ឋកិច្ច ឲ្យបន្តស្ថិតលើមាគ៌ានៃកំណើន នៅបណ្តាឆ្នាំខាងមុខ ប្រកបដោយចីរភាព៕


















