FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាអ្នកច្បាប់ បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំនៃការតាក់តែងសេចក្តីព្រាងច្បាប់

04-09-2026 15:08

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និង វិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ជាតំណាងឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។

ពិធីនេះធ្វើបទបង្ហាញដោយលោក អ៊ុត ស៊ីណាត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ និងលោក ជួង សុផល ជំនួយការនិងជាប្រធាននាយកដ្ឋាននៃក្រុមប្រឹក្សាអ្នកច្បាប់ ជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិតជំនាញនីតិសាស្រ្ត ប្រមាណ៣៥០អង្គ /នាក់ ដែលដឹកនាំដោយលោក ឈុន វណ្ណៈ ព្រឹទ្ធបុរស នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត ថាមពល និងជាក់ស្តែងនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បាន កំណត់យក «ការពង្រឹង និងការកែទម្រង់ស្ថាប័ន» ជាចំណុចស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ហើយបំពេញការងារនៅក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងមុំទី៤ «ការលើក កម្ពស់ និងពង្រឹងប្រសិទ្ធ ភាពច្បាប់និងប្រព័ន្ធយុត្តិធម៌» ដែលមានគោលដៅពង្រឹងគោលការណ៍ នីតិរដ្ឋ ដែលរួមចំណែកធានាថែរក្សា ស្ថិរភាពសង្គម សណ្តា ប់ ធ្នាប់ សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

ក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចាប់ពីឆ្នាំ២០២៤ រហូតមកដល់ពេលនេះ ក្រុមប្រឹក្សា អ្នកច្បាប់ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន១៤លើករួចមកហើយ លើប្រធានបទជាច្រើនពាក់ព័ន្ធនឹងវិស័យច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយជាដើម ជូនដល់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានសិក្សានានាផងដែរ។

សម្រាប់វគ្គបណ្តុះបណ្តាលនារសៀលនេះ គឺជាលើកទី១៥ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ធ្វើទ្បើងដើម្បីជាពុទ្ធិបន្ថែមទៀតជូនដល់និស្សិតជំនាញច្បាប់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការផ្សាភ្ជាប់រវាងទ្រឹស្តីដែលបានសិក្សានៅក្នុងគ្រឹះស្ថានសិក្សា និងការអនុវត្តជាក់ស្តែងរបស់ក្រុមប្រឹក្សាអ្នកច្បាប់ក្នុងការសិក្សា ស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងទ្បាយ៕