លោក អ៊ុក ពេជ្រសំណាង ត្រូវកម្លាំងនគរបាលចាប់ខ្លួន ក្រោយប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មួរបង្កាច់ មកលើថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានច្បាស់លាស់
04-09-2026 15:03
(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារសន្តិសុខ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ៣៨៧អ.យ.ន ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានរកឃើញថា បុគ្គលរូបនេះបានប្រើប្រាស់គណនីបណ្តាញសង្គមឈ្មោះ អ៊ុក ពេជ្រសំណាង បង្ហោះខ្លឹមសារក្នុងចេតនាទុច្ចរិត ជេរប្រមាថ មួលបង្កាច់លើថ្នាក់ដឹកនាំ ក្នុងគោលបំណងញុះញង់ឱ្យមានការរើសអើង បង្កចលាចល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់កំហុសថា ខ្លួនពិតជាបានប្រើប្រាស់គណនីបណ្ដាញសង្គមខាងលើ ដើម្បីខំមិន និងបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំពិតប្រាកដមែន។ ទង្វើនេះជាការរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ និងមិនមែនជាការសម្តែងមតិស្របច្បាប់នោះឡើយ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងភស្តុតាងដែលសមត្ថកិច្ចប្រមូលបាន ព្រមទាំងអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់ មានបន្ទុកបទល្មើសគ្រប់គ្រាន់ដើម្បីកសាងបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ថ្លៃថ្នូរ និងចៀសវាងការខំមិន ឬបង្ហោះសារជេរប្រមាថ មួលបង្កាច់ បំភ្លៃការពិត ដែលនាំឱ្យប្រឈមមុខចំពោះច្បាប់ជាធរមាន៕


