កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនទំនើង៦នាក់ ពាក់ព័ន្ធកាក់ និងប្រើហិង្សាលើអ្នកបើកបររថយន្តនៅខណ្ឌមានជ័យ
04-09-2026 15:01
(ភ្នំពេញ)៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីកាក់រថយន្ត និងប្រើអំពើហិង្សាទៅលើអ្នកបើកបររថយន្តមួយករណី កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារហុង ស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ជាលទ្ធផល ជនសង្ស័យទាំង០៦នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ឈ្មោះ ព្រីង វិចិត្រ (អាយុ៣០ឆ្នាំ), ឈ្មោះ អូន ជីវ័ន្ត (អាយុ១៧ឆ្នាំ), ឈ្មោះ ចិន សុពីសី (អាយុ១៧ឆ្នាំ), ឈ្មោះ ខែត ខាវ (អាយុ២៥ឆ្នាំ), ឈ្មោះ ងីម ដារ៉ា (អាយុ២៥ឆ្នាំ) និងឈ្មោះ ម៉ៅ ចិន (អាយុ២៤ឆ្នាំ)។ ជនសង្ស័យទាំងអស់មានទីលំនៅបច្ចុប្បន្ននៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធ កំពុងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ ករណីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្លាំងសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប៕





