FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ បណ្តាលឲ្យរងរបួសលើផ្ទៃមុខធ្ងន់ធ្ងរ ពេលកំពុងស្រោចផ្កានៅមុខផ្ទះ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

04-09-2026 14:26

(កំពង់ឆ្នាំង)៖ ស្ត្រីម្នាក់បានរងរបួសក្រោមភ្នែក និងច្រមុះ បន្ទាប់ពីត្រូវបានជនមិនស្គាល់មុខលួចបាញ់ប្រហារ ខណៈដែលស្ត្រីរងគ្រោះរូបនេះ កំពុងស្រោចទឹកផ្កានៅមុខផ្ទះរបស់ខ្លួននៅពេលយប់។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ គាត់កំពុងស្រោចផ្កានៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈនោះក៏មានជនមិនស្គាល់មុខ លួចបាញ់គាត់បណ្តាលឱ្យរងរបួសក្រោមភ្នែក និងច្រមុះ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យឯភ្នំពេញ ដោយសារគ្រាប់នៅបៀមជាប់លើផ្ទៃមុខរបស់គាត់។

ជុំវិញករណីខាងលើនេះ ដំណើររឿងលម្អិតមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ច កំពុងតែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីវែកមុខរកជនដៃដល់យកមកសួរនាំ និងអនុវត្តតាមនីតិវិធី។

ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ថា ករណីនេះមិនមែនជាការបាញ់ប្រហារដោយកាំភ្លើងនោះទេ តាមការសន្និដ្ឋាន ជនដៃដល់ប្រើជំពាមកៅស៊ូធ្វើសកម្មភាព។

លោកបញ្ជាក់ថា បច្ចុប្បន្នករណីនេះត្រូវបានសមត្ថកិច្ចពាក់ព័ន្ធកំពុងចុះស្រាវជ្រាវ និងស្វែងរកជនដៃដល់ព្រមទាំងអ្នកពាក់ព័ន្ធមកធ្វើការសួរនាំដើម្បីចាត់ការតាមនីតិវិធី៕