ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក្រើនរំលឹកមន្ត្រីនគរបាលទាំងអស់ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
04-09-2026 14:23
(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានក្រើនរំលឹកមន្ត្រីនគរបាលពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់បញ្ហាក្មេងទំនើង បង្ការទប់ស្កាត់បង្ក្រាបបញ្ហាគ្រឿងញៀន ប្រជុំធ្វើវេទិកាផ្សព្វផ្សាយអប់រំ និងវេទិកាសាធារណៈ ក្ដាប់ និងកំណត់រាល់មុខសញ្ញាឲ្យបានច្បាស់លាស់ក្នុងមូលដ្ឋាន ចៀសវាងក្រុមទាំងនេះបង្កបាតុភាពផ្សេងៗដែលកើតឡើងជាយថាហេតុ។
ការថ្លែងក្រើនរំលឹកលើកឡើងបែបនេះ របស់លោកស្នងការនគរបាលខេត្តព្រៃវែង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកក្កដា សីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ ដើម្បីអនុវត្តបន្ត នៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ ២០២៦។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរៈនគរបាល ការពារព្រំដែនគោកលេខ៦០៧ លោកអធិការ អធិការរងសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង០៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦។ កិច្ចប្រជុំនេះ បានរៀបចំឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានបន្តក្រើនរំលឹកដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពន្លឿន ពង្រឹងប្រសិទ្ធភាពការងារក្នុងការបម្រើសេវាជូន ប្រជាពលរដ្ឋឲ្យបានរហ័សនិងទាន់ពេលវេលា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក-លោកស្រី ស្នងការរង ចុះមុខព្រួញ លោកនាយការិយាល័យជំនាញ លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាល យើងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈ និងភាពទទួលខុសត្រូវខ្ពស់ ជាពិសេសការអភិវឌ្ឃន៍ កសាងអង្គភាព អានាម័យ សម្អាត បរិស្ថាន ជុំវិញកន្លែងធ្វើការបានយ៉ាងល្អ៕

















