FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ដឹកនាំកងកម្លាំងនាយកដ្ឋាននគរបាលការពារ ចុះហ្វឹកហាត់អនុវត្តផ្ទាល់បាញ់គ្រាប់ពិត ក្រោយបញ្ចប់វគ្គបំប៉នជំនាញបច្ចេកទេសប្រើប្រាស់អាវុធ

04-09-2026 14:17

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លើការងារកសាងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីនគរបាល នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ប្រធាននាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងចុះហ្វឹកហាត់អនុវត្តផ្ទាល់បាញ់គ្រាប់ពិតនៅលើទីលានជាក់ស្តែង បន្ទាប់ពីបញ្ចប់វគ្គបំប៉នជំនាញបច្ចេកទេសប្រើប្រាស់អាវុធ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានណែនាំដល់គ្រូបង្គោលនៃនាយកដ្ឋាននគរបាលការពារ ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់ចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ដែលខ្លួនមាន ដើម្បីចែករំលែកបន្តដល់ប្អូនៗសិក្ខាកាមយកទៅអនុវត្តមានសុវត្ថិភាព និងប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបំប៉នជំនាញនេះទៅ មន្ដ្រីនគរបាលទាំងអស់បានស្គាល់ និងស្វែងយល់បន្ថែមកាន់តែច្បាស់អំពីបច្ចេកទេសនៃការប្រើប្រាស់អាវុធ និងការទុកដាកអាវុធដោយសុវត្ថិភាព ជាពិសេសបានហ្វឹកហាត់សមដោយផ្ទាល់នៅលើទីលានជាក់ស្តែង។

លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានអះអាងថា កម្លាំងនាយកដ្ឋាននគរបាលការពារ មានភារកិច្ចក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅតាមបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ជាពិសេសនៅតាមបណ្តាស្ថានទូត និវេសនដ្ឋានទូត ដូចនេះការហ្វឹកហាត់បំប៉នជំនាញ គឺត្រូវតែធ្វើឡើងជាប្រចាំ ព្រោះការរៀនសូត្រមិនត្រូវបញ្ចប់នោះឡើយ ហើយការហ្វឹកហ្វឺននេះមិនមែនមានន័យថា កម្លាំងនគរបាលមិនស្គាល់ ឬមិនចេះបច្ចេកទេសនៃការប្រើប្រាស់អាវុធនោះទេ ប៉ុន្ដែជាការពញ្ញាក់ស្មារតីឲ្យកាន់តែម៉ឺងម៉ាត់ ប្រៀបដូចកាំបិតកាន់តែសំលៀងកាន់តែមុត៕