ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យ ថ្នាក់រដ្ឋមន្រ្តី លើកទី៧ ស្តីពីកសិកម្ម-ទឹក-ជនបទ
04-09-2026 13:44
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រី-វិស័យលើកទី៧ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹកនិងភូមិគំរូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបថា កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧នេះ មានការចូលរួមពីដៃគូអភិវឌ្ឍន៍រួមមាន៖ ធនាគារពិភពលោក(WB) អង្គការ(IFAD) និងធនាគារ(ADB) ក្នុងគោលបំណងដើម្បី៖
១)ពិនិត្យលើវឌ្ឍនភាពនិងសមិទ្ធផលការងារត្រី-វិស័យដែលសម្រេចបាន នៅតាមសហគមន៍គោលដៅ និងការកំណត់ទិសដៅបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម
និងទី២)ពិនិត្យលើវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្រ្តត្រី-វិស័យ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកំណត់អាទិភាព ការដាក់នូវធនធានរួម មធ្យោបាយរួមឱ្យមានភាពបន្ស៊ីគ្នា សំដៅសម្រេចបាននូវទិសដៅរួមគ្នា ជួយលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យទទួលបានភោគផលសេដ្ឋកិច្ច និងលើកទឹកចិត្តឱ្យបន្តការងារនេះឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានាឱ្យកាន់តែមានភាពបុរេសកម្ម និងមានប្រសិទ្ធភាពខ្ពស់៕










