FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្នាក់ងារ និងសកម្មជនគណបក្សភ្លើងទៀន ១១រូប នៅខេត្តកំពង់ស្ពឺ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

04-09-2026 13:05

(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាក្រុមការងារស្នូលចលនាកសាងសមាជិកគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះទទួលភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន ១១រូប ក្នុងឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការងារនេះមានការយកចិត្តទុកដាក់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងលោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត។

ភ្នាក់ងារសង្កេតការណ៍និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀនចំនួន១១រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាព ខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយ បញ្ហាព្រំដែនទឹកដីកម្ពុជា។

ឱកាសនោះ លោក ទី ប៊ុនថេង បានលើកឡើងពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និង ប្រជាជន ឱ្យរួចផុតពីសេចក្តីស្លាប់ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោក ទី បុនថេង បានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ ២០២៣ កន្លងមកនេះ។

លោកបន្តថា៖ «ការសម្រេចចិត្តរបស់ បងប្អូន ក្មួយៗ នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែបងប្អូនទាំងអស់ បានមើលឃើញពីការយកចិត្តទុកដាក់ និង ការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជាតិ»។

លោកសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត ១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៧ និង ២០២៨ ខាងមុខនេះ ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត៕