គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដាក់បទបញ្ជាក្តៅ ត្រូវបង្ក្រាបល្បែងស៊ីសង ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងរៀបចំសណ្តាប់ធ្នាប់ទីក្រុង ឱ្យបានស្អាតល្អជាដាច់ខាត
04-09-2026 13:02
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំ «កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា» ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, តំណាងអយ្យការអមសាលាដំបូងខេត្ត, ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុកទាំង៧, ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៤៩, មេប៉ូស្តិ៍ទូទាំងខេត្តពោធិ៍សាត់។
ក្នុងឱកាសបើកកិច្ចប្រជុំ លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងបំពេញភារកិច្ចនាពេលកន្លងមក។ លោកបានគូសបញ្ជាក់ថា ទោះបីជាការជួបប្រជុំផ្ទាល់ មានការខកខានខ្លះ ប៉ុន្តែការងារដឹកនាំ និងការសម្របសម្រួលសន្តិសុខត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ តាមប្រព័ន្ធវិទ្យុទាក់ទង ពោលគឺប្រជុំតិច ប៉ុន្តែធ្វើច្រើន និងមានប្រសិទ្ធភាពខ្ពស់។
ជាកិច្ចឆ្លើយតបនឹងស្ថានភាពជាក់ស្តែង លោកអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងទិសដៅសំខាន់ៗ ចំនួន ៧ចំណុច ដើម្បីឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធយកទៅអនុវត្តជាបន្ទាន់៖
១-ស្នងការដ្ឋាននគរបាលខេត្ត ត្រូវចាត់កម្លាំងអន្តរាគមន៍ចុះជួយស្រុកបាកាន ជាពិសេសបង្ក្រាបល្បែងស៊ីសងឱ្យអស់ និងទប់ស្កាត់អំពើចោរកម្មគ្រប់ទម្រង់។
២-លុបបំបាត់ការកាប់បំផ្លាញព្រៃឈើ និងអាជីវកម្មរ៉ែ ខ្សាច់ ថ្ម ដែលគ្មានច្បាប់អនុញ្ញាត។ ចំពោះករណីពលរដ្ឋមកពីខេត្តជិតខាង ដែលចូលមកកាប់ឆ្ការព្រៃភ្នំ ត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ ជាដាច់ខាត។
៣-បង្ការ និងទប់ស្កាត់ការលួចប្រេង ហើយសមត្ថកិច្ចត្រូវដាក់កម្លាំងការពារអាងទឹកដែលរីងស្ងួត ដើម្បីការពារពូជត្រីពីការឆក់ខុសច្បាប់។
៤-រដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំលំនៅឋានប្រជាពលរដ្ឋតាមផ្ទះ ឬច្រាំងស្ទឹងពោធិ៍សាត់ឡើងវិញ។ ជាមួយគ្នានេះ ត្រូវរៀបចំដាំដើម «ផ្កាម៉ាល័យ ឬផ្កាសិរីមង្គល» និងដាក់លូតាមបណ្តោយផ្លូវជាតិលេខ៥ ព្រមទាំងលុបបំបាត់ការយកឥវ៉ាន់ ឬអេតចាយមកដាក់មុខផ្ទះ ដោយជំនួសមកវិញនូវការដាំផ្កា និងដើមឈើ។
៥-មេឃុំ-ចៅសង្កាត់ ត្រូវជំរុញចលនាមេប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋ ធ្វើការជួសជុលថែទាំផ្លូវដីស ដីក្រហម និងផ្លូវកៅស៊ូនៅតាមមូលដ្ឋាន ដោយខ្លួនឯង ហើយត្រូវថតរូបភាពផ្លូវខូច បញ្ជូនមកលោកផ្ទាល់ ដើម្បីមានយន្តការដោះស្រាយ។
៦-ក្រុមការងារចុះមូលដ្ឋាន ត្រូវពិនិត្យជីវភាពប្រជាពលរដ្ឋឱ្យបានដិតដល់ «មិនត្រូវឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារឡើយ»។ ទន្ទឹមនឹងនេះ ត្រូវរៀបចំឱ្យបណ្តាមន្ទីរ-អង្គភាព ចុះចងសម្ព័ន្ធមេត្រីភាព ជាមួយវរការពារព្រំដែន។
៧-ត្រូវធានាដល់ការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានតម្លាភាព៕
































