FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា

04-09-2026 12:08

(ភ្នំពេញ)៖ មន្ត្រីគយនិងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើការបង្ក្រាប និងរឹបអូសបានរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៧១ ដុំ មានទម្ងន់សុទ្ធសរុប ៣៤,៥ គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា។

ប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥ នាទី នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការត្រួតពិនិត្យនេះ គឺផ្អែកលើព័ត៌មានដែលផ្តល់ដោយប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) និងរូបភាពសង្ស័យដែលទទួលបានពីម៉ាស៊ីនស្កេន។ ក្រោយពីបានរកឃើញវត្ថុតាង មន្ត្រីគយនិងរដ្ឋាករបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយ។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទាំងអស់ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។ ករណីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន និងធានាសន្តិសុខសង្គម។