រយៈពេល៣ឆ្នាំនៃអាណត្តិសម្ដេចធិបតី៖ សហគ្រាស និងរោងចក្រនៅកម្ពុជាកើនជាង៧ពាន់ បង្ហាញពីទំនុកចិត្តលើសេដ្ឋកិច្ច និងកម្លាំងពលកម្ម
04-09-2026 11:44
(ភ្នំពេញ)៖ ក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្រដែលបានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកើនពីប្រមាណ ៤០,៣០០ ដល់ ៤៧,៤៩៤ ពោលគឺកើនឡើងចំនួន ៧,១៩៤ សហគ្រាស ឬប្រមាណ១៨ភាគរយ។
កំណើននេះកើតមានក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា ទាំងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការទាក់ទាញវិនិយោគនៅក្នុងតំបន់។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កំណើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសលើស្ថិរភាព បរិយាកាសវិនិយោគ និងសក្តានុពលរបស់កម្លាំងពលកម្មកម្ពុជា។
លោកគូសបញ្ជាក់ថា៖ «បើយើងមើលក្នុងន័យសាមញ្ញ សហគ្រាសកើន៧,១៩៤ គឺមានន័យថា មានការសម្រេចចិត្តវិនិយោគរាប់ពាន់បន្ថែមទៀតនៅកម្ពុជា។ វាក៏អាចចាត់ទុកថា ជា៧,១៩៤សំឡេងនៃទំនុកចិត្តលើស្ថិរភាព លើរាជរដ្ឋាភិបាលថ្មី និងលើអនាគតសេដ្ឋកិច្ច និងកម្លាំងពលកម្មកម្ពុជាផងដែរ»។
បើតាមអ្នកនាំពាក្យក្រសួងការងារ វិនិយោគិននៅពេលសម្រេចចិត្តជ្រើសរើសប្រទេសមួយសម្រាប់ការវិនិយោគ មិនមើលត្រឹមតែថ្លៃពលកម្មប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ពិនិត្យទៅលើស្ថិរភាពនយោបាយ គុណភាព និងជំនាញកម្លាំងពលកម្ម ផលិតភាព សមត្ថភាពរៀនបច្ចេកវិទ្យាថ្មី និងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងផងដែរ។
ក្នុងចំណោមសហគ្រាសដែលបានចុះបញ្ជីសរុបជាង ៤៧,០០០ នេះ វិស័យឧស្សាហកម្មមានជិត ៨,០០០ សហគ្រាស ខណៈវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងកម្មន្តសាលគាំទ្រ មានជិត ៣,០០០ រោងចក្រ។ ការរីកចម្រើននេះបានរួមចំណែកធ្វើឱ្យចំនួនកម្មករនិយោជិត និងបុគ្គលិក នៅតាមសហគ្រាសកើនដល់ជាង ២,៣លាននាក់ ក្នុងនោះវិស័យឧស្សាហកម្មមានកម្មករនិយោជិតប្រមាណ ១,៦លាននាក់ ខណៈវិស័យកាត់ដេរ និងកម្មន្តសាលគាំទ្រមានកម្មករនិយោជិតជាង ១,២លាននាក់។
លោក ស៊ុន មេសា បានបញ្ជាក់ថា ការកើនឡើងនៃសហគ្រាសមិនមែនមានន័យត្រឹមតែការបន្ថែមអគារ ឬរោងចក្រថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវាបង្កើតឱកាសសេដ្ឋកិច្ច ជាបន្តបន្ទាប់ជុំវិញខ្សែសង្វាក់ផលិតកម្ម។
លោកបានលើកឡើងថា៖ «រោងចក្រ ឬ សហគ្រាសមួយ មិនត្រឹមតែជាអគារការងារមួយប៉ុណ្ណោះទេ ប៉ុន្តែ វាបង្កើតការងារ ប្រាក់ចំណូល និងតម្រូវការទៅលើការដឹកជញ្ជូន ផ្ទះជួល អាហារ ពាណិជ្ជកម្ម និងសេវាកម្មជាច្រើននៅជុំវិញ»។
ទោះជាយ៉ាងណា សម្រាប់ក្រសួងការងារ គោលដៅបន្ទាប់របស់កម្ពុជាមិនមែនគ្រាន់តែបង្កើនចំនួនសហគ្រាស និងរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តទាក់ទាញការវិនិយោគ ដែលមានបច្ចេកវិទ្យា ផលិតភាព និងតម្លៃបន្ថែមខ្ពស់ជាងមុន ព្រមទាំងបង្កើនគុណភាព និងជំនាញរបស់កម្លាំងពលកម្មឱ្យស្របតាមការវិវត្តនៃទីផ្សារការងារ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ការអភិវឌ្ឍមូលធនមនុស្ស ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពជាអាទិភាព ដើម្បីធានាថាកម្លាំងពលកម្មកម្ពុជាអាចឆ្លើយតបតម្រូវការរបស់វិស័យឯកជន និងការប្រកួតប្រជែងរបស់សេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។
លោក ស៊ុន មេសា បានបន្ថែមថា កម្ពុជាត្រូវបន្តប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគដោយផ្អែកលើ ស្ថិរភាព គុណភាពកម្លាំងពលកម្ម ជំនាញ ផលិតភាព និងសមត្ថភាពបត់បែនទៅនឹងបច្ចេកវិទ្យាថ្មី ដើម្បីឱ្យកំណើនសហគ្រាសបន្តបម្លែងទៅជាការងារល្អ ប្រាក់ចំណូលកាន់តែប្រសើរ និងការរីកចម្រើនប្រកបដោយចីរភាព៕



