កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា (Video inside)
04-09-2026 11:36
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា។
យោងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជាមួយគ្រឿង បានរំលោភបំពានចូលដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗមានអធិបតេយ្យពេញ លេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន។ មាត្រា៣ (គ) នៃអនុសញ្ញាដដែលនេះ បានហាមឃាត់ យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត និងចំណុចទី៦ នៃ វិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ-កម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ៕


