ប្រឡងបាក់ឌុបឆ្នាំនេះសិស្សនិទ្ទេស A តិចជាងឆ្នាំមុន, ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បញ្ជាក់ថា ដោយសារមុខវិជ្ជាគណិតវិទ្យាលំបាកជាងឆ្នាំមុន (Video inside)
04-09-2026 11:30
(កំពង់ចាម)៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា សម័យប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ (ប្រឡងបាក់ឌុប) មុខវិជ្ជាគណិតវិទ្យា មានកំរិតលំបាកជាងឆ្នាំមុន ដូច្នេះហើយទើបសិស្សជាប់និទ្ទេស A មានការថយចុះជាង ១,០០០នាក់ទូទាំងប្រទេស បើប្រៀបធៀបនៅឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ការងារជូនបុគ្គលិកអប់រំ ក្នុងខេត្តកំពង់ចាម ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម មន្ទីរអង្គភាពពាក់ព័ន្ធ និងលោកគ្រូអ្នកគ្រូ ប្រមាណជាជាង ៦០០នាក់ ។
ស្ថិតក្នុងឱកាសនោះលោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំខេត្តកំពង់ចាម ដែលបានបំពេញការងារប្រកបដោយស្នាដៃ និងវិជ្ជាជីវៈខ្ពស់ សម្រេចបានលទ្ធផលគួរជាទីពេញចិត្ត និងសមិទ្ធផលលើវិស័យនានាក្នុងខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។
ចំពោះវិស័យអប់រំ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអបអរនូវលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា កន្លងទៅនេះ ដែលខេត្តកំពង់ចាមទទួលបានអត្រាជាប់ ៨៥ភាគរយ គឺលើសអត្រាថ្នាក់ជាតិ ១ភាគរយ និងសិស្សជាប់និទ្ទេស A ចំនួន ១០០នាក់៕










