FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តស្ទឹងត្រែង ប្រកាសដាក់ឲ្យដំណើរការអនុវត្តគម្រោង «សហគមន៍គ្មានអាពាហ៍ពិពាហ៍កុមារ»

04-09-2026 11:25

(ស្ទឹងត្រែង)៖ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការអនុវត្តគម្រោង «សហគមន៍គ្មានអាពាហ៍ពិពាហ៍កុមារ» ដែលបានរៀបចំឡើងដោយអង្គការវឌ្ឍនភាព នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង។

នៅក្នុងពិធីក៏មានការអញ្ជើញចូលរួមដោយ លោកស្រី លឹម មុំ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង និងលោក រ័ត្ន តារាពិសួគ៌ ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោកស្រី ហេង ចាន់ថុន នាយិកាប្រតិបត្តរបស់អង្គការវឌ្ឍនភាព ។

នាឱកាសនោះលោក ទូច គង្គា បានចាត់ទុកអាពាហ៍ពិពាហ៍វ័យកុមារ ជាអាពាហ៍ពិពាហ៍ដោយបង្ខំ គឺជាបញ្ហាសង្គមមួយដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអប់រំ សុខភាព សុវត្ថិភាព សិទ្ធិ និងអនាគតរបស់កុមារ ជាពិសេ កុមារី និងស្ត្រីវ័យក្មេង។ បញ្ហានេះមិនមែនកើតឡើងដោយសារមូលហេតុតែមួយនោះទេ ប៉ុន្តែមានកត្តាជាច្រើនពាក់ព័ន្ធដូចជា៖ ភាពក្រីក្រ បទដ្ឋានសង្គម និងវប្បធម៌មួយចំនួន ទស្សនៈអំពីតួនាទីយេនឌ័រ កម្រិតនៃការយល់ដឹងរបស់គ្រួសារ និងសហគមន៍ និងការខ្វះ ឱកាសអប់រំ និងការងារ។

ក្នុងនោះលោកអភិបាលរងខេត្តបន្តថា ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងនេះនិងសូមឲ្យមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធទាំងអស់ បន្តផ្តល់កិច្ចសហការ និងការគាំទ្រដល់អង្គការវឌ្ឍនភាព និង ដៃគូអនុវត្តគម្រោង។ ត្រូវធ្វើការរួមគ្នាដើម្បីធានាថា កុមារី និង ស្ត្រីវ័យក្មេងដែលប្រឈមនឹងហានិភ័យ ទទួលបានព័ត៌មាន សេវា ការការពារ និងឱកាសសមស្រប។

លោក ក៏សូមលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងសិទ្ធិកុមារដល់ប្រជាពលរដ្ឋ ពង្រឹងការសហការជាមួយសាលារៀន និងមាតាបិតា ដើម្បីទប់ស្កាត់ការបោះបង់ ការសិក្សារបស់កុមារី ឫស្ត្រីវ័យក្មេងយកចិត្តទុកដាក់កំណត់អត្តសញ្ញាណកុមារ និងជាពិសេសកុមារីដែលប្រឈមនឹង ហានិភ័យ និងលើកទឹកចិត្តឪពុកម្តាយឱ្យគាំទ្រកូនស្រីឱ្យបន្តការសិក្សា និងអភិវឌ្ឍជំនាញនិងជំរុញការចូលរួមរបស់បុរស និងក្មេងប្រុសក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការការពារកុមារ។

នាឱកាសនោះលោកស្រី ហ៊ូ សាមិត្ត បានសង្កត់ធ្ងន់ថា ការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យ ជាការងារស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកិច្ចការនារីជា សេនាធិការ ដោយបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាព គោលការណ៍ណែនាំនានា ដើម្បីធានាឱ្យមានភាពល្អប្រសើរឡើងនូវបរិយាកាសរៀនសូត្រល្អ ក្នុងសាលារៀន កាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សា។

ការមិនក្លាយជាជនរងគ្រោះនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងបង្កើតឱ្យមានជាឱកាស ជម្រើស ឯករាជ្យភាព ការពង្រឹងសិទ្ធិអំណាច ជាពិសេសក្មេងស្រីវ័យជំទង់អាចអនុវត្តសិទ្ធិរបស់ខ្លួនក្នុង ការការពារពីការរំលោភបំពានផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួមយ៉ាង សកម្មក្នុងវិធានការទប់ស្កាត់នានា ជាពិសេស វិធានការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង នៅក្នុងសហគមន៍។

ក្នុងនោះលោកស្រីរដ្ឋលេខាធិការ បានបន្តថាតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា មានការថយចុះនូវអត្រានៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ក្នុងនោះស្ត្រីរៀបអាពាហ៍ពិពាហ៍មុន អាយុ ១៨ឆ្នាំមាន ២៥% មកនៅ ១៩% និងពី ៩% មកនៅ ៦% សម្រាប់បុរស។ ទន្ទឹមនឹងការថយចុះគួរឱ្យកត់សម្គាល់នេះ ស្ថានភាពនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃ ពោះនៅវ័យជំទង់ នៅតែមានអត្រាខ្ពស់ សម្រាប់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេស បណ្តាខេត្តនៅភូមិភាគឦសាន៕