FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចជលផលត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសនេសាទ រុះរើឧបករណ៍ស្បៃមុងខុសច្បាប់ និងចាក់លែងកូនត្រីជិត ១០០គីឡូក្រាម ចូលទឹកវិញ

04-09-2026 11:11

(ត្បូងឃ្មុំ)៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំដោយលោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានសហការជាមួយរដ្ឋបាលឃុំទន្លេបិទ និងកម្លាំងយោធភូមិភាគទី២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចុះប្រតិបត្តិការល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតំបន់មួយចំនួនក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តទន្លេបិទ យាយសរ ជ្រោយគរ ក្រោយវត្តដូនម៉ៅ បឹងឈូក និងវាលរំចេក ក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់ធនធានជលផល និងការបន្តពូជរបស់សត្វជលផលនៅក្នុងប្រភពទឹកធម្មជាតិ។

ជាលទ្ធផលក្រុមការងារបានបង្ក្រាបបទល្មើសជលផល និងបានរុះរើ ព្រមទាំងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន លូស្បៃមុងចំនួន ១៤មាត់ របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ២១០ដើម។ ការរុះរើ និងបំផ្លាញឧបករណ៍ទាំងនេះ គឺដើម្បីទប់ស្កាត់ការយកឧបករណ៍ខុសច្បាប់ទៅប្រើប្រាស់ឡើងវិញ និងការពារធនធានជលផលក្នុងតំបន់។

ជាមួយគ្នានេះសមត្ថកិច្ចបានប្រមូល និងចាក់លែងកូនត្រីចម្រុះដែលបានជាប់ក្នុងឧបករណ៍នេសាទចូលទៅក្នុងប្រភពទឹកធម្មជាតិវិញ មានទម្ងន់សរុប ៩៥គីឡូក្រាម ស្មើប្រមាណ ៧៥,០០០ក្បាល។ សកម្មភាពនេះ បានរួមចំណែកដល់ការអភិរក្សធនធានជលផល ការបង្កើនធនធានត្រីក្នុងធម្មជាតិ និងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។

រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន បានបន្តជំរុញការចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលជាប្រចាំ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រកបរបរនេសាទ ឱ្យចូលរួមគោរពច្បាប់ជលផល និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីរួមគ្នាថែរក្សា និងអភិរក្សធនធានជលផលឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងជំនាន់ក្រោយ៕