FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា ស្រី ចាន់ថន ជួបជាមួយស្ត្រីខ្មែរជាប្រធានពាណិជ្ជកម្មរដ្ឋ Oregon ស្វះស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងជំរុញទីផ្សារផលិតផលកម្ពុជាទៅអាមេរិក

04-09-2026 11:11

(អាមេរិក)៖ លោកឧកញ៉ា ស្រី ចាន់ថន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានតំបន់ឆ្នេរខាងលិច ទទួលបន្ទុកជួយការងាររដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sophorn Cheang ប្រធានពាណិជ្ជកម្មរដ្ឋ Oregon សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីឱកាសពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់អាជីវកម្មរវាងកម្ពុជា និងរដ្ឋ Oregon។

លោកស្រី Sophorn Cheang ជាសញ្ជាតិអាមេរិកាំង ដែលមានដើមកំណើតខ្មែរ និងជាស្ត្រីខ្មែរមួយរូប ដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ រហូតទទួលបានការទុកចិត្តកាន់តួនាទី ជាថ្នាក់ដឹកនាំស្ថាប័នសេដ្ឋកិច្ចរបស់រដ្ឋ Oregon។ សមិទ្ធផលរបស់លោកស្រី គឺជាមោទកភាពមួយសម្រាប់អ្នកមានដើមកំណើតខ្មែរ លើឆាកអន្តរជាតិ។

ក្នុងជំនួបនេះ លោកស្រី Sophorn Cheang បានចែករំលែកអំពីសក្តានុពលសេដ្ឋកិច្ច បរិយាកាសអាជីវកម្ម និងឱកាសវិនិយោគរបស់រដ្ឋ Oregon ព្រមទាំងសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងរវាងអាជីវករ អ្នកវិនិយោគ និងដៃគូអន្តរជាតិ ដើម្បីបង្កើតឱកាសពាណិជ្ជកម្មថ្មីៗ។

ជាមួយគ្នានេះ លោកឧកញ៉ា ស្រី ចាន់ថន បានលើកឡើងពីសក្តានុពលរបស់កម្ពុជា និងចក្ខុវិស័យក្នុងការជំរុញផលិតកម្មក្នុងស្រុក ពង្រឹងវិស័យឯកជន និងពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ជាពិសេសទីផ្សារសហរដ្ឋអាមេរិក។

លោកឧកញ៉ាបានបញ្ជាក់ថា កម្ពុជាបាន និងកំពុងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដែលជាកម្លាំងសំខាន់នៃសេដ្ឋកិច្ចជាតិ ដោយផ្តោតលើការពង្រឹងសមត្ថភាពអាជីវកម្ម លើកកម្ពស់គុណភាព និងភាពចម្រុះនៃផលិតផល ដើម្បីឱ្យអាជីវកម្មកម្ពុជាអាចពង្រីកវិសាលភាព និងឈានទៅប្រកួតប្រជែងនៅទីផ្សារអន្តរជាតិបានកាន់តែប្រសើរ។

ក្នុងន័យនេះ ការស្វែងរកទីផ្សារថ្មីៗ និងការនាំយកផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មិនត្រឹមតែជាការពង្រីកទីផ្សារសម្រាប់វិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងពង្រឹងខ្សែសង្វាក់តម្លៃក្នុងស្រុក ដែលជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកឧកញ៉ាក៏បានបង្ហាញពីបំណងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូអាជីវកម្មនៅរដ្ឋ Oregon ដើម្បីបង្កើតបណ្តាញពាណិជ្ជកម្ម និងបើកច្រកថ្មីសម្រាប់ផលិតផលកម្ពុជា ចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ជាការឆ្លើយតប លោកស្រី Sophorn Cheang បានសម្តែងការកោតសរសើរចំពោះទស្សនវិស័យរបស់លោកឧកញ៉ា ក្នុងការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា និងការភ្ជាប់វិស័យឯកជនកម្ពុជាជាមួយដៃគូអាជីវកម្មអន្តរជាតិ។

ជំនួបនេះបានបង្ហាញពីសក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា–Oregon ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ការនាំចេញ និងការតភ្ជាប់ទីផ្សារ ព្រមទាំងជាការបើកឱកាសថ្មីសម្រាប់ ផលិតផលខ្មែរ ឱ្យឈានទៅកាន់ទីផ្សារអន្តរជាតិ៕