FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមនិស្សិត អាហារូបករណ៍រដ្ឋាភិបាលចំនួន២ក្រុម

04-09-2026 09:35

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី បានទទួលជួបសំណេះសំណាល ជាមួយក្រុមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលចំនួន២ក្រុមសរុបចំនួន១៩នាក់ ដោយក្រុមទី១ ដឹកនាំដោយលោក ប៉ិច ឆវ័ន្ត (ក្រុមនិស្សិតអាហារូបករណ៍រដ្ឋាភិបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧) និងក្រុមទី២ ដឹកនាំដោយ លោក តាន់ បូរីវត្ថិ (បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋបារាំង) នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនេះ លោកស្រី ពុំ ចន្ទីនី បានគូសបញ្ជាក់អំពីទិសដៅអាទិភាពសំខាន់ៗ ក្នុងការកសាងភាពធន់សហគមន៍លើគ្រប់វិស័យ ដោយផ្តើមចេញពីការអប់រំប្រជាពលរដ្ឋឱ្យចេះត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិ និងការទទួលខុសត្រូវលើសុខភាពផ្ទាល់ខ្លួន។

លោកស្រីបានថ្លែងបន្ថែមទៀតថា៖ «យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា បានដើរមកដល់ពាក់កណ្តាលផ្លូវហើយ កាកបាទក្រហមកម្ពុជា បានធ្វើការវាយតម្លៃ ដោយបានកំណត់នូវទិសដៅយុទ្ធសាស្ត្របន្ថែមចំនួន ៥ទៀត សម្រាប់អនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដើម្បីធានាថាប្រព័ន្ធហិរញ្ញវត្ថុ ការឆ្លើយតប និងការកសាងធនធានមនុស្សកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទទួលបានការទុកចិត្តពីសប្បុរសជន និងសហព័ន្ធអន្តរជាតិ»

ក្រៅពីការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក្រុមនិស្សិត និងបេក្ខជន-បេក្ខនារី អាហារូបករណ៍ ក៏មានចំណាប់អារម្មណ៍ ដោយបានលើកឡើងនូវសំណួរទាក់ទងនិងតើកាកបាទក្រហមកម្ពុជា មានលក្ខណៈត្រៀមបង្ការ និងការសហការយ៉ាងដូចម្តេច ជាមួយនិងរដ្ឋាភិបាលដើម្បីឆ្លើយតបបញ្ហាប្រឈមចំពោះមុខជាពិសេសការប្រែប្រួលអាកាសធាតុ ដូចជាអែលនីញ៉ូ ដែលកំពុងប្រឈមជាពេលបច្ចុប្បន្ន ។

ជាកិច្ចឆ្លើយតចំពោះសំណួរនេះ លោកស្រីអគ្គលេខាធិការបានប្រសាសន៍ថា «ក្នុងនាមកាកបាទក្រហមកម្ពុជា មានតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ទន្ទឹមនឹងសកម្មភាពចែកអំណោយមនុស្សធម៌ដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុតដែលត្រូវការឲ្យជួយជាចាំបាច់ គឺនៅមានសកម្មភាពអប់រំ ផ្សព្វផ្សាយពីសុខភាព និងការកសាងភាពធន់ក្នុងសហគមន៍ រួមនិងសកម្មភាពជាច្រើនទៀត»

ជាទីបញ្ចប់លោកស្រី ពុំ ចន្ទីនី បាននាំការកោតសសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះក្មួយៗដែលខិតខំប្រឹងប្រែងរកចំណេះដឹងសម្រាប់ជាធនធានដ៌មានសក្កានុពលនាពេលអានាគត ។ ដូច្នេះសូមជូនពរមានសុខសុវត្ថិភាព សុខភាពល្អ និងសម្រេចជោគជ័យក្នុងការសិក្សា ដើម្បីវិលត្រលប់មកជួយប្រទេសជាតិយើងវិញ ក្នុងនោះកុំភ្លេចសូមក្មួយៗរក្សាស្មារតីវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណរបស់កម្ពុជា៕