FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល

04-09-2026 08:53

(កំពង់ធំ)៖ យុវជន ផល ករុណា ជាសិស្សថ្នាក់ទី១២ A ផ្នែកវិទ្យាសាស្ត្រ នៃវិទ្យាល័យ ហ៊ុន សែនក្រវ៉ា បានបង្ហាញពីការតស៊ូដ៏អស្ចារ្យ ដោយដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២៦។ ភាពជោគជ័យនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងការគាំទ្រយ៉ាងសំខាន់ពីរាជរដ្ឋាភិបាលកម្ពុជា។

យុវជន ករុណា ជាកូនប្រុសច្បងនៃគ្រួសារក្រីក្រ មានបណ្ណសមធម៌ (ក្រីក្រ ២) ដែលរស់នៅជាមួយតែម្តាយ និងប្អូនប្រុសម្នាក់ទៀត ក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ទោះបីមានជីវភាពខ្វះខាត ក៏យុវជនម្នាក់នេះ ប្រឹងប្រែងជម្នះឧបសគ្គជីវភាព មិនខ្លាចការនឿយហត់ និងមិនបោះបង់ការសិក្សាឡើយ ដោយដណ្តើមបាននិទ្ទេស A ក្នុងការប្រលងបាក់ឌុប នេះ។ ភាពជោគជ័យនេះ មានការចូលរួមគាំទ្រពីការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាល ចំនួន ៨៤ ០០០រៀល ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលរួមទាំងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាផងដែរ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រទូទាំងប្រទេស តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមានការផ្តល់ប្រាក់ឧបត្ថម្ភគោលសម្រាប់គ្រួសារ និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា និងកម្មវិធីមួយចំនួនទៀត។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីមួយក្នុងគោលនយោបាយអាទិភាពទាំង៦ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ៕