និយ័តករមូលបត្រកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា
03-09-2026 21:48
(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.គ.) នាថ្ងៃទី២ ខែកញ្ញា គ.ស.២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«កិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា» ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន ប្រកបដោយបរិយាបន្ន និងសុវត្ថិភាពខ្ពស់។
កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ និងសាកល្បងបច្ចេកវិទ្យាថ្មីៗ ដូចជា Blockchain និង AI ដើម្បីគាំទ្រដល់ការធ្វើស្វ័យប្រវត្តិកម្ម ការធ្វើទំនើបកម្មរំហូរការងារ ការពង្រឹងប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម និងការបង្កើនផលិតភាពក្នុងប្រតិបត្តិការទីផ្សារ។ ជាមួយគ្នានេះ ក៏មានការកសាងសមត្ថភាពមន្ត្រីនៃ ន.ម.ក. ដើម្បីបង្កើនភាពច្នៃប្រឌិតក្នុងការគ្រប់គ្រង និងអភិវឌ្ឍទីផ្សារមូលបត្រផងដែរ។
ទន្ទឹមនឹងការចុះអនុស្សរណៈនេះ ក៏មានការរៀបចំសិក្ខាសាលា ស្តីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) និងឧបករណ៍ឌីជីថលកម្រិតខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការគ្រប់គ្រងហានិភ័យក្នុងវិស័យមូលបត្រ»។
សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពរបស់មន្ត្រី និងបុគ្គលិកនៃក្រុមហ៊ុន ដែលស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក. អំពីអក្ខរកម្មឌីជីថល ស្របតាមចក្ខុវិស័យនៃការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងកម្មវិធីនេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃ ន.ម.ក. បានគូសបញ្ជាក់ថា «កិច្ចសហការរវាង ន.ម.ក. និង ប.ប.គ. គឺ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញនវានុវត្តន៍ និងការធ្វើទំនើបកម្មឌីជីថលក្នុងវិស័យមូលបត្រ។ ទន្ទឹមនឹង ការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល យើងត្រូវធានាផងដែរថា ហានិភ័យ និងការគំរាមកំហែងដែលកើតចេញ ពីការធ្វើទំនើបកម្មឌីជីថល ត្រូវបានកំណត់អត្តសញ្ញាណ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានាថ្ងៃនេះ គឺជាឧទាហរណ៍ជាក់ស្តែងនៃការប្រែក្លាយកិច្ចសហប្រតិបត្តិការទៅជាសកម្មភាព ដើម្បីពង្រឹងភាពធន់ និរន្តរភាព និង សុវត្ថិភាពនៃការធ្វើទំនើបកម្មឌីជីថលក្នុងវិស័យមូលបត្រកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្តពីសាធារណជន និងវិនិយោគិន ព្រមទាំងជួយរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជាឱ្យកាន់តែរីកចម្រើន»។
ជាមួយគ្នានេះ បណ្ឌិត សេង សុភាព បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានលើកឡើងថា «ស្ថាប័នយើងទាំងពីរបានចាប់ផ្តើម មានកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ២០២១ ប៉ុន្តែថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការ ស្ថិតក្រោមក្របខ័ណ្ឌមួយ ដែលមានគោលដៅរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនធានមនុស្សឌីជីថល ជាពិសេស ផ្តល់ឱកាសឱ្យនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់របស់ ប.ប.ខ. ចុះកម្មសិក្សានៅ ន.ម.ក. ដែលជាស្ពាន ភ្ជាប់រវាងការអប់រំ ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ដើម្បីបង្កើត និងអភិវឌ្ឍចំណេះដឹង ជំនាញ និងគំនិតនវានុវត្តន៍ ថ្មីៗ ដែលរួមចំណែកក្នុងការអភិវឌ្ឍវិស័យមូលបត្រកម្ពុជា»៕










