រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការអភិវឌ្ឍវិស័យអប់រំ មិនអាចខ្វះការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការពង្រឹងការគ្រប់គ្រងសាលារៀនបានឡើយ
03-09-2026 21:41
(ព្រះវិហារ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំ មិនអាចខ្វះការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការពង្រឹងការគ្រប់គ្រងសាលារៀនបានឡើយ ដោយត្រូវបន្តលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពគ្រូបង្រៀន ពង្រឹងការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា និងធានាបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់សិស្សានុសិស្ស។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងដូចនេះនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នាឱកាសអញ្ជេីញជាអធិបតីប្រកាសតែងតាំងលោកស្រី គឹម គន្ធារីន ឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ជំនួសលោក ចេង លឹមហ៊ាន់ ដែលត្រូវបានចូលនិវត្តន៍ និងដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធ និងមន្ត្រីអប់រំជាច្រើនរូប។
ជាមួយគ្នានេះលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានថ្លែងណែនាំឱ្យប្រធានមន្ទីរថ្មី ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ភាពជាអ្នកដឹកនាំល្អ គោរពវិន័យ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍវិស័យអប់រំនៅខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើន។
លោកបណ្ឌិតសភាចារ្យ បានថ្លែងផ្តាំផ្ញើដល់លោកស្រី គឹម គន្ធារីន ក្នុងនាមជាប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីធានាឱ្យការអប់រំកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ការខិតខំប្រឹងប្រែង និងការលះបង់របស់លោក ចេង លឹមហ៊ាន់ ក្នុងការបំពេញតួនាទីជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ កន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្ត។
ថ្លែងក្នុងឱកាសនោះដែរលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តព្រះវិហារ។ លោកបន្តថា «វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង» ព្រោះការអភិវឌ្ឍធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន។
លោក គីម រិទ្ធី បានថ្លែងបញ្ជាក់ថា៖ រដ្ឋបាលខេត្តនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងគ្រឹះស្ថានសិក្សានានា ដើម្បីជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យអប់រំ ធានាគុណភាពសិក្សារបស់សិស្ស និងលើកកម្ពស់លក្ខខណ្ឌការងារ និងសមត្ថភាពរបស់គ្រូបង្រៀន។
ដោយឡែកលោកស្រី គឹម គន្ធារីន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រះវិហារ ដែលបានផ្តល់ការជឿទុកចិត្ត និងប្រគល់ភារកិច្ចដ៏សំខាន់នេះជូនលោកស្រី និងប្តេជ្ញាចិត្តថា «នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចថ្មីដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការក្រោមឱវាទ និងអាជ្ញាធរពាក់ព័ន្ធ» ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ និងធានាឱ្យវិស័យអប់រំនៅខេត្តព្រះវិហារ មានការអភិវឌ្ឍកាន់តែប្រសើរឡើង៕

























