ក្រសួងពាណិជ្ជកម្ម និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងប្រចាំកម្ពុជា សហការគ្នារៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ
03-09-2026 21:32
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំងពីរ ដែលវេទិកានេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខាលើ MOU នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម និង CCIFC។ MOU ត្រូវបានចុះហត្ថលេខាដោយលោក ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម និងលោក Julien Bert អនុប្រធាន CCIFC ដែលកំណត់ពីតួនាទី និងទំនួលខុសត្រូវរបស់ភាគីទាំងពីរ ក្នុងការរៀបចំវេទិកាធុរកិច្ច រួមមានការសម្របសម្រួល ការចូលរួមរបស់ធុរជន និងការរៀបចំកម្មវិធី។
វេទិកាធុរកិច្ចកម្ពុជា-បារាំង ដើរតួជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង លើកកម្ពស់ដៃគូយុទ្ធសាស្ត្រ និងផ្ដល់នូវការព្យាករណ៍លក្ខណៈពិសេស សម្រាប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិន។
ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិនកម្ពុជា-បារាំង និងតំណាងស្ថាប័នពាក់ព័ន្ធប្រមាណ ៤០០ នាក់។ ថ្ងៃទីមួយនឹងជាពិធីបើកវេទិកា ខណៈថ្ងៃទីពីរនឹងផ្តោតលើការភ្ជាប់ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច (B2B) កិច្ចពិភាក្សាតាមវិស័យ កាលានុវត្តភាពវិនិយោគ និងការបង្កើតបណ្តាញទំនាក់ទំនង។
វេទិកាឆ្នាំ២០២៦ នេះ នឹងផ្ដោតសំខាន់លើកាលានុវត្តភាពធុរកិច្ចជាក់ស្ដែង និងការស្វែងយល់ពីភាពជាដៃគូ ការផ្លាស់ប្តូរជំនាញ និងការស្វែងរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ រវាងធុរជនកម្ពុជា និងបារាំង។ នេះជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕












