សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបំពេញព្រះរាជទស្សនកិច្ចនៅអង្គការ អ៊ី ប៊ី ស៊ី (EBC)
03-09-2026 18:40
(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី អមព្រះរាជដំណើរដោយគណៈប្រតិភូនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានយាងបំពេញព្រះរាជទស្សនកិច្ចនៅអង្គការ អ៊ី ប៊ី ស៊ី (EBC) ដើម្បីទតពីវឌ្ឍនភាព និងការរីកចម្រើន ព្រមទាំងប្រោសព្រំប្រសិទ្ធពរជ័យដល់អង្គការ។
កម្មវិធីនេះមានការទទួលព្រះរាជបដិសណ្ឋារកិច្ចពីលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើត និងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (EBC) និងលោក ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងព្រះវត្តមាន និងវត្តមានរបស់ព្រះមន្ត្រីសង្ឃ អនុរដ្ឋលេខាធិការ គណៈប្រតិភូអមដំណើរ គណៈគ្រប់គ្រង សាកលវិទ្យាធិការរង មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិត និងក្រុមការងារ។
ព្រះរាជទស្សនកិច្ចនេះមានព្រះរាជគោលបំណង ទតពីវឌ្ឍនភាពរបស់អង្គការ អ៊ី ប៊ី ស៊ី (EBC) ក្នុងការចែករំលែកពុទ្ធិ ចំណេះដឹង ជំនាញ និងបទពិសោធន៍ដ៏មានតម្លៃ តាមរយៈការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរៀបចំថ្នាលអប់រំឌីជីថល និងការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំ និងបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយជូនដល់សាធារណជនទូទៅ ជាពិសេសគ្រូបង្រៀន សិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងសកម្ម។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕









