គម្រោង និងក្រុមហ៊ុនចំនួន៣ពាក់ព័ន្ធនឹងកម្ពុជា ទទួលបានពានរង្វាន់ក្នុងពិធីប្រគល់ពានរង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩
03-09-2026 18:26
(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩ ដែលបានប្រារព្ធឡើងនៅទីក្រុងតូក្យូ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក KANEKO Yasushi រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ជុំ សុន្ទរី បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុន ជាពិសេសក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ដែលបានផ្តល់ការទទួលស្គាល់ដល់គម្រោង និងក្រុមហ៊ុននានា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកគូសបញ្ជាក់ថា ពានរង្វាន់ទាំងនេះ មិនត្រឹមតែជាការទទួលស្គាល់ចំពោះឧត្តមភាពផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមិទ្ធផលជាក់ស្តែងនៃចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុនផងដែរ។
លោកបានលើកឡើងពីការរួមចំណែកដ៏សំខាន់របស់គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ក្នុងការពង្រឹងការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ ព្រមទាំងការរួមចំណែករបស់គម្រោងអភិវឌ្ឍប្រព័ន្ធលូទឹកកខ្វក់នៅរាជធានីភ្នំពេញ ក្នុងការកសាងរាជធានីឱ្យកាន់តែស្អាត មានសុខុមាលភាព និងមានភាពធន់។ លោកអគ្គរាជទូតក៏បានកត់សម្គាល់ផងដែរថា ការទទួលស្គាល់ក្រុមហ៊ុន SPEC Company Limited បានបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យឯកជន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍រួម។
លោក ជុំ សុន្ទរី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យលាភីទាំងអស់ ព្រមទាំងអ្នកពាក់ព័ន្ធដែលបានរួមចំណែកដល់សមិទ្ធផលទាំងនេះ។ លោកបានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះភាពជាដៃគូបន្តរបស់ជប៉ុន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងធនធានមនុស្ស និងបានសម្តែងនូវជំនឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងបន្តកាន់តែស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថា ពិធីនេះបានផ្តល់ការទទួលស្គាល់ដល់គម្រោងសំណង់ និងក្រុមហ៊ុនឆ្នើម ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្រាប់ក្នុងឆ្នាំនេះ គម្រោង និងក្រុមហ៊ុនចំនួន ៣ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយកម្ពុជា បានទទួលពានរង្វាន់ មានដូចជាគម្រោងអភិវឌ្ឍប្រព័ន្ធលូទឹកកខ្វក់ ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ កំណាត់កណ្តាល កញ្ចប់កិច្ចសន្យាលេខ២ (ពោធិ៍សាត់-ព្រៃស្វាយ) ដែលប្រភេទគម្រោងសំណង់ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន SPEC Company Limited ជាប្រភេទសហគ្រាសធុនតូច និងមធ្យម៕




