FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ កំពុងធ្វើចំណាត់ការផ្ទៃក្នុង លើករណីដែលមានការផ្សព្វផ្សាយថា «តុលាការខេត្តស្ទឹងត្រែង ចាប់ខ្លួនបុគ្គលម្នាក់ដាក់ពន្ធនាគារ១ឆ្នាំ ដោយសារច្រឡំ»

03-09-2026 17:57

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ កំពុងធ្វើចំណាត់ការផ្ទៃក្នុង លើករណីដែលមានការផ្សព្វផ្សាយថា «តុលាការខេត្តស្ទឹងត្រែង បានចាប់ខ្លួនបុគ្គលម្នាក់ដាក់ពន្ធនាគារ១ឆ្នាំ ដោយសារការចាប់ច្រឡំ»។ នេះបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌។

លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្រសួងយុត្តិធម៌ បាន និងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធការផ្សព្វផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុករយៈពេលជិត១ (មួយ) ឆ្នាំ ដោយសារចាប់ច្រឡំ» ដោយក្នុងនោះក្រសួងក៏បានឃើញនូវ សេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ និងបានឃើញនូវពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រសួងយុត្តិធម៌ផងដែរ។

លោកថា «ករណីនេះ ក្រសួងកំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ។ គ្រប់ករណីទាំងអស់ចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយយន្តការមានសមត្ថកិច្ច ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា»

លោកបានបញ្ជាក់បន្តថា រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ។

ក្រសួងយុត្តិធម៌ ក៏ប្រកាសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិតវ៉ាតាមផ្លូវច្បាប់ ឬដាក់លិខិតស្នើសុំអន្តរាគមន៍មកកាន់ក្រសួងផងដែរ៕