FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ថោង សុជាតិ៖ អ.វ.ត.ក.បន្សល់ឯកសារជាង ២,៥ លានទំព័រ សម្រាប់យុវជនជំនាន់ក្រោយសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម

03-09-2026 17:27

(ភ្នំពេញ)៖ លោក ថោង សុជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្រ្តីគ្រប់គ្រងជាន់ខ្ពស់ នៃ អ.វ.ត.ក. បានលើកឡើងថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់ត្រូវបានគេសិក្សា មកជាប្រទេសដែលបានបន្សល់ទុកបទពិសោធន៍ និងមេរៀនប្រវត្តិសាស្ត្រ សម្រាប់ពិភពលោក និងជាពិសេសយុវជនជំនាន់ក្រោយសិក្សារៀនសូត្រ។

ការលើកឡើងបែបនេះរបស់ លោក ថោង សុជាតិ បានធ្វើឡើងក្នុងដំណើរចុះទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រ ការងារ សមិទ្ធផល និងកេរដំណែល ដែលបានរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា។

នាឱកាសនោះដែរ លោក ថោង សុជាតិ បានបញ្ជាក់ថា៖ «កម្ពុជាពិតជាបានប្រែក្លាយពីប្រទេស ដែលធ្លាប់ត្រូវបានគេមកសិក្សា ពីមុន ហើយបានក្លាយទៅជាប្រទេសដែលបានបន្សល់ទុកនូវដំណើររបស់ខ្លួនមួយ ហើយត្រូវបានគេមករៀនសូត្រវិញ។ ជាពិសេសអ្វី ដែលសំខាន់បំផុតនោះ គឺយើងបានបិទទំព័រដ៏ខ្មៅងងឹតរបស់យើង ហើយបានបន្សល់នូវភស្តុតាងជាក់ស្ដែង ដើម្បីទុកឲ្យយុវជនជំនាន់ក្រោយអាចមកដកស្រង់បទពិសោធន៍ អាចមកធ្វើការសិក្សាស្រាវជ្រាវ កុំឲ្យរឿងបែបនេះ កើតឡើងម្ដងទៀត នៅក្នុងសង្គមជាតិកម្ពុជា។

លោកបានបន្ដថា ក្នុងរយៈពេល ៥០០ ឆ្នាំកន្លងមកនេះ គឺសង្គមកម្ពុជាយើងបានបែកបាក់ ទើបតែសម័យសម្ដេចតេជោទេ ដែលយើងអាចរួមរស់ឆ្លងតាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ១៩៩៨ ហើយបានឃើញរួចហើយ សង្គមយើងបានរួបរួមគ្នាស្ថិតនៅក្នុងរដ្ឋធម្មនុញ្ញតែមួយ ស្ថិតនៅក្នុងដែលមានព្រះមហាក្សត្រតែមួយ ស្ថិតនៅក្នុងរដ្ឋាភិបាល តែមួយ។ ហើយយុវជនកម្ពុជា ក៏ពាំនាំនូវអ្វីដែលជាភាពទុក្ខសោក ហើយនិងឆ្លុះបញ្ចាំងនូវអ្វី ដែលជាសមិទ្ធផល។ យើងប្រែក្លាយពីការទុក្ខសោករបស់សង្គមយើង សង្គមជាតិយើងដែលបែកបាក់គ្នានេះ ក្លាយទៅជាសង្គមជាតិមួយ ដែលយើងបានចងក្រងបន្សល់ទុកនូវដំណើរ សម្រាប់ឲ្យយុវជនជំនាន់ក្រោយ សម្រាប់ធ្វើការឆ្លុះបញ្ចាំង សម្រាប់រៀនសូត្រ សម្រាប់បង្ការកុំឲ្យអំពើឃោរឃៅយង់ឃ្នងបែបនេះកើតឡើងនៅក្នុងប្រទេស នៅក្នុងសង្គមយើងនាពេលអនាគតតទៅទៀត។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបន្ដទៀតថា៖ «នៅប្រវត្តិសាស្ត្ររបស់ខ្មែរក្រហមមិនត្រូវបានគេបំប្លែងការពិតនេះ គឺយើងនៅក្នុងទំព័រកាសែតរបស់យើងក៏យើងមានសច្ចធម៌ប្រវត្តិសាស្ត្ររួចហើយ ហើយនៅក្នុងនោះតែងតែលើកឡើងអំពី ការងារដំណើរការរបស់ សាលាក្ដីខ្មែរក្រហមនេះ។ ហើយជាក់ស្ដែងនៅបន្ទប់បណ្ណាល័យ បន្ទប់បណ្ណាល័យនោះ គឺយើងមានអ្វី ដែលហៅថាបណ្ណសាររបស់ អ.វ.ត.ក ជាង ២ លាន ៥ សែនទំព័រនេះ ហើយគឺសម្រាប់រក្សាទុកបម្រើឲ្យការងារស្រាវជ្រាវ ដល់យុវជនជំនាន់ក្រោយ។ ហើយក្រៅពីនេះ យើងមានសវនាការជាង ៦៣៩ ថ្ងៃ នូវសំណុំរឿងនៃការកាត់សេចក្ដីនៃរបបខ្មែរ ក្រហមទាំងអស់»

លោក ថោង សុជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត ស្ថាប័នបន្តវេនរបស់ អ.វ.ត.ក. ដើម្បីបន្តថែរក្សាឯកសារ កេរដំណែល និងភស្តុតាងរបស់សាលាក្តីខ្មែរក្រហម ព្រមទាំងបើកឱកាសឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងអ្នកស្រាវជ្រាវ ចូលមកសិក្សាស្វែងយល់។

លោកបានសង្កត់ធ្ងន់ថា ស្ថាប័នបន្តវេននេះក៏មានតួនាទីសំខាន់ក្នុងការធានាថា ការពិតប្រវត្តិសាស្ត្រមិនត្រូវបានបំភ្លៃ ឬកែប្រែ។ អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវដែលមានចម្ងល់អំពីឧក្រិដ្ឋកម្ម ទីតាំង ឬព្រឹត្តិការណ៍ពាក់ព័ន្ធនឹងរបបខ្មែរក្រហម អាចពិនិត្យឯកសារ និងកំណត់ត្រាសវនាការដែលបានរក្សាទុក ដើម្បីផ្ទៀងផ្ទាត់ការពិត។

ក្នុងសម័យឌីជីថលដែលព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័សតាមបណ្តាញសង្គម លោកបានចាត់ទុកការមានប្រភព ឯកសារផ្លូវការ និងអាចផ្ទៀងផ្ទាត់បានថា មានសារៈសំខាន់សម្រាប់ការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបំភ្លៃ ប្រវត្តិសាស្ត្រ។

ជាចុងក្រោយ លោក ថោង សុជាតិ បានចាត់ទុកការរក្សាទុកកេរដំណែលរបស់ អ.វ.ត.ក.ថាជាការបន្សល់ទុកនូវមេរៀនដ៏សំខាន់ សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឱ្យពួកគេរៀនសូត្រពីអតីតកាល យល់ពីតម្លៃនៃសន្តិភាព និងការរួបរួមជាតិ និងរួមគ្នាបង្ការ កុំឱ្យសោកនាដកម្មដ៏ឃោរឃៅបែបនេះកើតឡើងជាថ្មី៕