Fresh Exclusive: «ស្នេហា» រវាងផែនដី និងព្រះចន្ទ៖ តើកម្លាំងអ្វីចងវត្ថុទាំងពីរឱ្យនៅជាមួយគ្នារាប់ពាន់លានឆ្នាំ? (Video inside)
03-09-2026 17:27
(ភ្នំពេញ)៖ ផែនដីនិងព្រះចន្ទ មានគម្លាតពីគ្នាប្រមាណជិត៤០ម៉ឺនគីឡូម៉ែត្រ។ ភពទាំងពីរនេះ ទោះបីជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែ មានបង្កើតនូវចំណងទំនាក់ទំនងរវាងគ្នាយ៉ាងជ្រាល ជ្រៅ ដែលមនុស្សមួយចំនួនមិនអាចស្វែងយល់បានឡើយ។
Fresh Exclusive / Cosmo មានអត្ថបទស៊ីជម្រៅមួយជុំវិញ «ស្នេហា» រវាងផែនដី និងព្រះចន្ទ៖ តើកម្លាំងអ្វីចងវត្ថុទាំងពីរឱ្យនៅជាមួយគ្នារាប់ពាន់លានឆ្នាំ?៖
រាល់យប់ យើងអាចមើលឃើញព្រះចន្ទនៅលើមេឃ។ ពេលខ្លះវាមានរាងដូចចំណិតក្រចក ពេលខ្លះឃើញពាក់កណ្តាល ហើយពេលខ្លះពេញវង់។ សម្រាប់មនុស្សជាច្រើន ព្រះចន្ទ ប្រហែលគ្រាន់តែជាវត្ថុមួយ ដែលបំភ្លឺមេឃនៅពេលយប់តែប៉ុណ្ណោះ។
ប៉ុន្តែតាមវិទ្យាសាស្ត្រ ព្រះចន្ទ និងផែនដី មានទំនាក់ទំនងគ្នាយ៉ាងជ្រៅតាមរយៈកម្លាំងទំនាញ។ ផែនដីទាញព្រះចន្ទឱ្យស្ថិតក្នុងគន្លង ខណៈព្រះចន្ទក៏ទាញផែនដីវិញដែរ។ អន្តរកម្មរវាងវត្ថុទាំងពីរនេះ មិនត្រឹមតែពាក់ព័ន្ធនឹងចលនារបស់ព្រះចន្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឥទ្ធិពលដែលយើងអាចមើលឃើញនៅលើផែនដីផងដែរ ដូចជា ការឡើង និងចុះនៃជំនោរទឹកសមុទ្រ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺព្រះចន្ទស្ថិតនៅចម្ងាយមធ្យមប្រហែល ៣៨៤,៤០០គីឡូម៉ែត្រ ពីផែនដី។ ប៉ុន្តែទោះស្ថិតនៅឆ្ងាយយ៉ាងនេះក៏ដោយ កម្លាំងទំនាញរបស់ព្រះចន្ទ នៅតែអាចបង្កឥទ្ធិពលមកលើភពរបស់យើង។
ដូច្នេះ សំណួរដែលយើងចង់ដឹងនោះគឺថា៖ តើផែនដី និងព្រះចន្ទមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច? ហើយតើព្រះចន្ទ ដែលនៅឆ្ងាយពីផែនដីជិត ៤០ម៉ឺនគីឡូម៉ែត្រ អាចបង្កឥទ្ធិពលរហូតដល់ធ្វើឱ្យទឹកសមុទ្រលើផែនដីឡើង និងចុះបានដោយរបៀបណា?
*ព្រះចន្ទមិនស្ថិតស្ងៀមនឹងថ្កល់នៅលើមេឃទេ
អ្វីដែលយើងឃើញរាល់យប់ គឺជាផ្នែកមួយនៃចលនាដ៏ធំមួយ។ យោងតាមអង្គការ NASA ព្រះចន្ទស្ថិតនៅចម្ងាយមធ្យមប្រហែល ៣៨៤,៤០០គីឡូម៉ែត្រ ពីផែនដី ហើយវាត្រូវការពេលប្រហែល ២៧.៣ថ្ងៃ ដើម្បីវិលជុំវិញផែនដីមួយជុំ។ ប៉ុន្តែព្រះចន្ទមិនត្រឹមតែវិលជុំវិញផែនដីទេ។ វាក៏វិលជុំវិញខ្លួនឯងផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺព្រះចន្ទវិលជុំវិញខ្លួនឯងមួយជុំ ក្នុងរយៈពេលប្រហែល ២៧.៣ថ្ងៃដូចគ្នា។ ដូច្នេះ រាល់ពេលវាវិលជុំវិញផែនដីបានមួយជុំ វាក៏វិលជុំវិញខ្លួនឯងបានមួយជុំដែរ។
នេះហើយជាមូលហេតុដែលមនុស្សនៅលើផែនដី ឃើញមុខព្រះចន្ទស្ទើរតែដដែលជានិច្ច។
*ហេតុអ្វីការវិលរបស់ព្រះចន្ទជុំវិញខ្លួនឯង និងជុំវិញផែនដីមានរយៈពេល ២៧.៣ថ្ងៃ ស្មើគ្នា?
ព្រះចន្ទវិលជុំវិញខ្លួនឯងមួយជុំប្រហែល ២៧.៣ថ្ងៃ ហើយក៏វិលជុំវិញផែនដីមួយជុំប្រហែល ២៧.៣ថ្ងៃ ដែរ។ តើរយៈពេលទាំងពីរនេះស្មើគ្នាដោយចៃដន្យឬ? ចម្លើយគឺ៖ មិនមែនទេ។
បាតុភូតនេះហៅថា Tidal Locking «ការចាក់សោដោយកម្លាំងជំនោរ» ខណៈការវិលដែលមានរយៈពេលស៊ីគ្នានេះហៅថា Synchronous Rotation «ការវិលស៊ីចង្វាក់គ្នា»។
NASA ពន្យល់ថា កាលពីមុន ព្រះចន្ទវិលជុំវិញខ្លួនឯងលឿនជាងសព្វថ្ងៃ។ ប៉ុន្តែកម្លាំងទំនាញរបស់ផែនដី ទាញផ្នែកជិត និងផ្នែកឆ្ងាយនៃព្រះចន្ទមិនស្មើគ្នា ធ្វើឱ្យរាងព្រះចន្ទខូចទ្រង់ទ្រាយបន្តិច។ ខណៈព្រះចន្ទវិល ការខូចទ្រង់ទ្រាយនេះបង្កឱ្យមានការបាត់បង់ថាមពលជាកម្តៅនៅខាងក្នុងព្រះចន្ទ ហើយធ្វើឱ្យល្បឿនវិលជុំវិញខ្លួនឯងរបស់វា យឺតចុះបន្តិចម្តងៗ។
ដំណើរការនេះ បានបន្តអស់រយៈពេលយូរ រហូតដល់ព្រះចន្ទវិលជុំវិញខ្លួនឯងមួយជុំ ក្នុងរយៈពេលស្មើនឹងការវិលជុំវិញផែនដីមួយជុំដូចគ្នា គឺប្រមាណ ២៧.៣ថ្ងៃ។ នេះហើយជាមូលហេតុដែលមុខដដែលរបស់ព្រះចន្ទ តែងបែរមករកផែនដី។
ដើម្បីយល់កាន់តែងាយ សាកស្រមៃថា មនុស្សម្នាក់ដើរជុំវិញកៅអីមួយ ដោយរក្សាមុខឱ្យបែរទៅរកកៅអីជានិច្ច។ នៅពេលមនុស្សនោះដើរជុំវិញកៅអីបានមួយជុំពេញ គាត់ក៏បានបង្វិលខ្លួនឯងមួយជុំពេញដែរ។ ព្រះចន្ទក៏ប្រហាក់ប្រហែលគ្នានេះ។
ហេតុនេះ ការដែលយើងឃើញមុខព្រះចន្ទស្ទើរតែដដែល មិនមែនដោយសារព្រះចន្ទមិនវិលជុំវិញខ្លួនឯងទេ។ ផ្ទុយទៅវិញ គឺដោយសារវាវិលជុំវិញខ្លួនឯងក្នុងល្បឿនដែលស៊ីចង្វាក់គ្នាជាមួយការវិលជុំវិញផែនដី។
បើព្រះចន្ទមិនវិលជុំវិញខ្លួនឯងសោះ ខណៈវាវិលជុំវិញផែនដី យើងនឹងឃើញផ្នែកផ្សេងៗរបស់ព្រះចន្ទជាបន្តបន្ទាប់ មិនមែនឃើញមុខដដែលដូចសព្វថ្ងៃទេ។
*ចុះខ្នើត និងរនោច កើតមកពីអ្វី?
ការដែលយើងឃើញព្រះចន្ទ ពេលខ្លះមានរាងជាចំណិតស្តើង ពេលខ្លះពាក់កណ្តាល និងពេលខ្លះពេញវង់ មិនមែនដោយសារព្រះចន្ទកំពុងធំឡើង ឬរួមតូចចុះនោះទេ។ ព្រះចន្ទនៅតែមានរាងមូលដូចបាល់ដដែល ហើយវាក៏មិនបង្កើតពន្លឺដោយខ្លួនឯងដែរ។ ពន្លឺព្រះចន្ទដែលយើងឃើញ គឺជាពន្លឺព្រះអាទិត្យដែលចាំងលើផ្ទៃព្រះចន្ទ ហើយឆ្លុះត្រឡប់មកកាន់ភ្នែកយើង។
នៅគ្រប់ពេល ព្រះអាទិត្យបំភ្លឺប្រហែល ពាក់កណ្តាលនៃផ្ទៃសរុបរបស់ព្រះចន្ទ ជានិច្ច។ ពាក់កណ្តាលម្ខាងទទួលពន្លឺ ខណៈពាក់កណ្តាលម្ខាងទៀត ស្ថិតក្នុងភាពងងឹត។
ប៉ុន្តែខណៈព្រះចន្ទវិលជុំវិញផែនដី ទីតាំងទាក់ទងរវាង ព្រះអាទិត្យ–ផែនដី–ព្រះចន្ទ ប្រែប្រួលជាបន្តបន្ទាប់។ ហេតុនេះ អ្វីដែលប្រែប្រួល មិនមែនជាបរិមាណផ្ទៃព្រះចន្ទដែលព្រះអាទិត្យបំភ្លឺទេ ប៉ុន្តែគឺ បរិមាណនៃផ្នែកភ្លឺនោះ ដែលយើងអាចមើលឃើញពីផែនដី។ នេះហើយជាមូលហេតុបង្កើតដំណាក់កាលផ្សេងៗរបស់ព្រះចន្ទ ដែលយើងស្គាល់ថា ខ្នើត និងរនោច។
នៅពេល New Moon «ព្រះចន្ទថ្មី» ឬដំណាក់កាលជុំវិញថ្ងៃដាច់ខែរនោច ព្រះចន្ទស្ថិតប្រហែលនៅចន្លោះព្រះអាទិត្យ និងផែនដី។ ផ្នែកព្រះចន្ទដែលទទួលពន្លឺព្រះអាទិត្យបែរចេញពីផែនដី ខណៈផ្នែកដែលបែរមករកយើងស្ទើរតែងងឹតទាំងស្រុង។ ហេតុនេះ យើងជាទូទៅមើលព្រះចន្ទមិនឃើញនៅដំណាក់កាលនេះ។
បន្ទាប់ពី New Moon ពន្លឺដែលយើងមើលឃើញចាប់ផ្តើមលេចឡើងជាចំណិតស្តើង ហើយកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាដំណាក់កាល ខ្នើត (Waxing)។ ព្រះចន្ទចាប់ផ្តើមពីរាងចំណិតស្តើង (Waxing Crescent) ទៅពាក់កណ្តាល (First Quarter) ហើយផ្នែកភ្លឺបន្តកើនឡើង រហូតដល់ ព្រះចន្ទពេញវង់ (Full Moon) ដែលត្រូវនឹងថ្ងៃពេញបូណ៌មី ឬ ១៥កើត។
នៅពេល Full Moon ព្រះអាទិត្យ នៅតែបំភ្លឺតែប្រហែលពាក់កណ្តាលនៃផ្ទៃសរុបរបស់ព្រះចន្ទដដែល។ ប៉ុន្តែពាក់កណ្តាលដែលទទួលពន្លឺនោះ គឺជាផ្នែកដែលបែរមករកផែនដីស្ទើរតែទាំងមូល។ ហេតុនេះហើយ យើងមើលឃើញព្រះចន្ទជារង្វង់ភ្លឺពេញវង់។
ក្រោយ Full Moon ផ្នែកភ្លឺដែលយើងមើលឃើញចាប់ផ្តើមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាដំណាក់កាល រនោច (Waning) រហូតត្រឡប់ទៅ New Moon ម្តងទៀត។
ប៉ុន្តែមានចំណុចមួយគួរឱ្យចាប់អារម្មណ៍៖ ព្រះចន្ទវិលជុំវិញផែនដីមួយជុំពេញប្រើពេលត្រឹមប្រហែល ២៧.៣ថ្ងៃ ប៉ុន្តែពី New Moon មួយទៅ New Moon បន្ទាប់ ត្រូវការប្រហែល ២៩.៥ថ្ងៃ។ ហេតុអ្វីបានជាខុសគ្នាប្រហែល ២.២ថ្ងៃ?
មូលហេតុគឺ ផែនដីមិនបានឈរនឹងមួយកន្លែងរង់ចាំព្រះចន្ទទេ។ ខណៈព្រះចន្ទកំពុងវិលជុំវិញផែនដី ផែនដីខ្លួនឯងក៏កំពុងធ្វើដំណើរជុំវិញព្រះអាទិត្យដែរ។
ក្នុងរយៈពេល ២៧.៣ថ្ងៃដែលព្រះចន្ទវិលជុំផែនដីបានមួយជុំពេញ ផែនដីបានរំកិលទៅមុខក្នុងគន្លងរបស់ខ្លួនជុំវិញព្រះអាទិត្យរួចទៅហើយ។ ដូច្នេះ ទោះព្រះចន្ទបានវិលជុំផែនដីគ្រប់ ៣៦០ដឺក្រេក៏ដោយ ទីតាំងទាក់ទងរវាង ព្រះអាទិត្យ–ផែនដី–ព្រះចន្ទ មិនទាន់ត្រឡប់មកដូចនៅ New Moon មុននៅឡើយទេ។
ព្រះចន្ទត្រូវបន្តធ្វើដំណើរលើគន្លងរបស់វាប្រហែល ២.២ថ្ងៃទៀត ដើម្បីតាមមុំដែលផែនដីបានរំកិល និងធ្វើឱ្យព្រះអាទិត្យ–ផែនដី–ព្រះចន្ទ ត្រឡប់មកមានទីតាំងទាក់ទងគ្នាដូចនៅ New Moon មុន។ នោះហើយជាមូលហេតុដែលដំណើរជុំពី New Moon មួយទៅ New Moon បន្ទាប់ មានរយៈពេលប្រហែល ២៩.៥ថ្ងៃ។
និយាយឱ្យងាយ៖ ២៧.៣ថ្ងៃ គឺពេលដែលព្រះចន្ទ ប្រើដើម្បីវិលជុំផែនដីមួយជុំពេញ ធៀបនឹងផ្កាយឆ្ងាយៗ។ ចំណែក ២៩.៥ថ្ងៃ គឺពេលដែលត្រូវការដើម្បីឱ្យព្រះចន្ទ ផែនដី និងព្រះអាទិត្យ ត្រឡប់មកមានទីតាំងទាក់ទងគ្នាដូចវដ្តមុន។
*ផែនដី ទាញព្រះចន្ទ—ព្រះចន្ទក៏ទាញផែនដីវិញដែរ
នេះជាចំណុចសំខាន់មួយ ក្នុងការយល់ពីទំនាក់ទំនងរវាងផែនដី និងព្រះចន្ទ។ យើងអាចងាយគិតថា ដោយសារផែនដីធំជាង ហើយព្រះចន្ទតូចជាង ដូច្នេះមានតែផែនដីទេដែលទាញព្រះចន្ទ។ ប៉ុន្តែតាមវិទ្យាសាស្ត្រ វត្ថុទាំងពីរទាញគ្នាទៅវិញទៅមកដោយកម្លាំងទំនាញ។
កម្លាំងទំនាញរបស់ផែនដី ទាញព្រះចន្ទ និងបត់ទិសចលនារបស់វាឱ្យវិលជុំវិញផែនដី។ ប៉ុន្តែក្នុងពេលជាមួយគ្នា កម្លាំងទំនាញរបស់ព្រះចន្ទក៏ទាញផែនដីវិញដែរ។ ឥទ្ធិពលមួយដែលយើងអាចមើលឃើញច្បាស់ពីអន្តរកម្មនេះ គឺ ការឡើង និងចុះនៃទឹកសមុទ្រ ឬទឹកជោរ–ទឹកនាច។
រដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសអាមេរិក (NOAA) ពន្យល់ថា ព្រះចន្ទទាញផែនដីទាំងមូល មិនមែនទាញតែទឹកសមុទ្រទេ។ ប៉ុន្តែដោយសារផែនដីមានទំហំធំ ផ្នែកដែលនៅជិតព្រះចន្ទទទួលកម្លាំងទំនាញខ្លាំងជាងផ្នែកដែលនៅឆ្ងាយពីព្រះចន្ទ។ ភាពខុសគ្នានៃកម្លាំងទំនាញនេះហៅថា Tidal Force ឬ «កម្លាំងទំនាញបង្កទឹកជោរ–ទឹកនាច»។
ទឹកសមុទ្រអាចផ្លាស់ទី និងប្រែប្រួលទីតាំងបានងាយជាងដី និងថ្ម។ ដូច្នេះ ឥទ្ធិពលនៃកម្លាំងទំនាញនេះបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់នៅក្នុងមហាសមុទ្រ តាមរយៈ ទឹកឡើង និងទឹកចុះ ជាប្រចាំ។
ប៉ុន្តែព្រះចន្ទមិនមែនជាតួអង្គតែមួយដែលបង្កឥទ្ធិពលនេះទេ។ ព្រះអាទិត្យក៏មានកម្លាំងទំនាញបង្កទឹកជោរ–ទឹកនាចលើផែនដីផងដែរ។ ទោះបីព្រះអាទិត្យមានម៉ាសធំជាងព្រះចន្ទយ៉ាងខ្លាំងក៏ដោយ ក៏ឥទ្ធិពលបង្កទឹកជោរ–ទឹកនាចរបស់ព្រះចន្ទនៅតែខ្លាំងជាង ព្រោះព្រះចន្ទស្ថិតនៅជិតផែនដីជាងព្រះអាទិត្យ។
និយាយឱ្យសាមញ្ញ៖ ផែនដីទាញព្រះចន្ទឱ្យបន្តវិលជុំវិញខ្លួន ខណៈព្រះចន្ទទាញតបមកលើផែនដី ហើយទឹកជោរ–ទឹកនាច គឺជាភស្តុតាងមួយ ដែលយើងអាចមើលឃើញពីអន្តរកម្មទំនាញរវាងវត្ថុទាំងពីរនេះ។
*ខ្នើត–រនោច និងទឹកជោរ–ទឹកនាច មានទំនាក់ទំនងគ្នាដែរឬទេ?
ចម្លើយគឺ៖ មាន។ ហើយទំនាក់ទំនងនេះកើតឡើងដោយសារទីតាំងរបស់ ព្រះអាទិត្យ ផែនដី និងព្រះចន្ទ ប្រែប្រួលក្នុងអំឡុងដំណើរជុំរបស់ព្រះចន្ទ។
នៅពេល New Moon ព្រះចន្ទស្ថិតប្រហែលនៅចន្លោះព្រះអាទិត្យ និងផែនដី។ ចំណែកនៅពេល Full Moon ផែនដី ស្ថិតប្រហែលនៅចន្លោះព្រះអាទិត្យ និងព្រះចន្ទ។ ក្នុងដំណាក់កាលទាំងពីរនេះ វត្ថុទាំងបី ស្ថិតប្រហែលក្នុងបន្ទាត់តែមួយ។
នៅពេលនោះ កម្លាំងទំនាញបង្កទឹកជោរ–ទឹកនាចរបស់ព្រះចន្ទ និងព្រះអាទិត្យ ពង្រឹងឥទ្ធិពលគ្នា ធ្វើឱ្យទឹកឡើងខ្ពស់ជាងធម្មតា និងទឹកចុះទាបជាងធម្មតា។ និយាយម្យ៉ាងទៀត ភាពខុសគ្នារវាងកម្រិតទឹកឡើង និងទឹកចុះកាន់តែធំ។ បាតុភូតនេះហៅថា Spring Tide «ទឹកជោរ–ទឹកនាចដែលមានគម្លាតធំ»។
ពាក្យ Spring Tide មិនមានន័យថា វាកើតឡើងតែក្នុងរដូវ Spring នោះទេ។ វាអាចកើតឡើងប្រហែលពីរដងក្នុងមួយវដ្តព្រះចន្ទ គឺនៅជុំវិញ New Moon និង Full Moon។
ផ្ទុយទៅវិញ នៅពេលព្រះចន្ទស្ថិតក្នុងដំណាក់កាលដែលយើងមើលឃើញប្រហែលពាក់កណ្តាល គឺ First Quarter និង Last Quarter ទិសទៅកាន់ព្រះអាទិត្យ និងទិសទៅកាន់ព្រះចន្ទ បង្កើតមុំប្រហែល ៩០ដឺក្រេ បើមើលពីផែនដី។
នៅពេលនោះ ឥទ្ធិពលបង្កទឹកជោរ–ទឹកនាចរបស់ព្រះអាទិត្យ និងព្រះចន្ទ មិនពង្រឹងគ្នាដូចពេលមាន New Moon និង Full Moon ទេ ប៉ុន្តែបន្ថយឥទ្ធិពលគ្នាមួយផ្នែក។ ជាលទ្ធផល ទឹកឡើងមិនសូវខ្ពស់ ហើយទឹកចុះ ក៏មិនសូវទាប ដូចពេល Spring Tide។
ដូច្នេះ
ភាពខុសគ្នារវាងកម្រិតទឹកឡើង និងទឹកចុះកាន់តែតូច។ បាតុភូតនេះហៅថា Neap Tide «ទឹកជោរ–ទឹកនាចដែលមានគម្លាតតូច»។
ដូច្នេះ ខ្នើត–រនោច និងទឹកជោរ–ទឹកនាច មិនមែនជាបាតុភូតដាច់ដោយឡែកពីគ្នាទេ។ វាទាំងពីរពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងរបស់ព្រះអាទិត្យ ផែនដី និងព្រះចន្ទ។ អ្វីដែលយើងឃើញជារាងព្រះចន្ទប្រែប្រួលនៅលើមេឃ និងអ្វីដែលយើងឃើញជាទឹកសមុទ្រឡើង–ចុះនៅលើផែនដី សុទ្ធតែបង្ហាញពីទំនាក់ទំនងរវាងវត្ថុទាំងបី តាមច្បាប់នៃពន្លឺ ចលនា និងកម្លាំងទំនាញ។
សេចក្តីសន្និដ្ឋាន៖
ទំនាក់ទំនងរវាងផែនដី និងព្រះចន្ទ មិនមែនគ្រាន់តែជារឿងរបស់វត្ថុពីរ ដែលមួយនៅទីនេះ និងមួយទៀតនៅឆ្ងាយជិត ៤០ម៉ឺនគីឡូម៉ែត្រនោះទេ។ វត្ថុទាំងពីរនេះស្ថិតក្នុង ប្រព័ន្ធទំនាញមួយ ដែលទាញ និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក។
កម្លាំងទំនាញរបស់ផែនដី បានទាញព្រះចន្ទ និងបត់ទិសចលនារបស់ព្រះចន្ទ ឱ្យបន្តវិលជុំវិញផែនដី។ អន្តរកម្មទំនាញក្នុងរយៈពេលដ៏យូរ ក៏បានធ្វើឱ្យការវិលជុំវិញខ្លួនឯងរបស់ព្រះចន្ទស៊ីចង្វាក់ជាមួយការវិលជុំវិញផែនដី ដែលហៅថា Tidal Locking។ នេះហើយជាមូលហេតុដែលយើងមើលឃើញមុខព្រះចន្ទ ស្ទើរតែដដែលជានិច្ច។
ប៉ុន្តែទំនាក់ទំនងនេះមិនមែនមានតែផែនដី ដែលមានឥទ្ធិពលលើព្រះចន្ទនោះទេ។ ព្រះចន្ទក៏ទាញផែនដីវិញដែរ។ ឥទ្ធិពលមួយដែលយើងអាចមើលឃើញច្បាស់បំផុត គឺការឡើង និងចុះរបស់ទឹកសមុទ្រ ឬ ទឹកជោរ–ទឹកនាច។
ដូច្នេះ ពេលយើងងើយមើលព្រះចន្ទនៅលើមេឃ យើងមិនមែន កំពុងមើលវត្ថុមួយដែលដាច់ឆ្ងាយ និងគ្មានទំនាក់ទំនងជាមួយផែនដីនោះទេ។ យើងកំពុងមើល «ដៃគូទំនាញ» របស់ផែនដី ដែលបានទាញ និងមានអន្តរកម្មជាមួយភពរបស់យើងអស់រយៈពេលរាប់ពាន់លានឆ្នាំ។
ប៉ុន្តែទំនាក់ទំនងនេះ នាំទៅរកសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត៖ បើព្រះចន្ទនៅឆ្ងាយពីផែនដីជិត ៤០ម៉ឺនគីឡូម៉ែត្រ តើកម្លាំងទំនាញរបស់វាអាចធ្វើឱ្យទឹកសមុទ្រដ៏មហាសាលលើផែនដីឡើង និងចុះរាល់ថ្ងៃបានដោយរបៀបណា?
ចម្លើយនេះ គឺជារឿងដែលយើងនឹងពន្យល់នៅក្នុង Fresh Exclusive / Cosmo ជាបន្ទាប់ក្នុង ពេលក្រោយ៕
