គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារសិទ្ធិពលរដ្ឋភៀសសឹក និងកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដី
03-09-2026 17:11
(កណ្តាល)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបញ្ជាក់យ៉ាងច្បាស់ថា គ.ស.ម.ក. នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ដើម្បីធានាការពារសិទ្ធិរស់រានមានជីវិត សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹកដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ និងវីរកងទ័ពកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។
ការបញ្ជាក់បែបនេះរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ លើការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅខេត្តកណ្តាល។
ទេសរដ្ឋមន្រ្តី កែវ រើមី ក៏បានលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ គ.ស.ម.ក. ចូលរួមយ៉ាងសកម្មដោយបានដាក់ញត្តិប្តឹង សេចក្តីថ្លែងការណ៍ និងលិខិតតវ៉ាផ្សេងៗចំនួន៦០ ចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកចំនួន១០លើក ព្រមទាំងដំណើរបេសកកម្មសិទ្ធិមនុស្សយ៉ាងសកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សូមបញ្ជាក់ផងដែរថា លិខិតរបស់គ.ស.ម.ក. បានដាក់បញ្ជូនទៅយន្តការនានារបស់អង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ាន ផងដែរ ចំពោះការឈ្លានពានសិទ្ធិមនុស្សគ្រប់បែបយ៉ាងមកលើកម្ពុជា រួមមានការចាប់ទាហានកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់ ការប្រើប្រាស់អាវុធធុនធ្ងន់រួមមានទាំងគ្រាប់បែកចង្កោម ដែលជាការហាមឃាត់ក្នុងការប្រើប្រាស់ពេលសង្គ្រាម ការប្រើផ្សែងពុល ការប្រើប្រាស់សំឡេងរំខាន ការបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងលួចទ្រព្យសម្បត្តិឯកជនផងដែរ។
ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានគូសរំលេចថា ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺស្របគ្នាទាំងស្រុងទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពអប់រំ សុខាភិបាល និងការបង្កើតឱកាសការងារសមរម្យជូនប្រជាពលរដ្ឋគ្រប់រូប ដោយសមធម៌ និងបរិយាប័ន្ន។
ទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីវិស័យសិទ្ធិមនុស្សមួយចំនួន ដែលកម្ពុជាបាននិងកំពុងឈានមុខទាំងក្នុងតំបន់និងអន្តរជាតិ ដូចជា កម្ពុជាមិនមានទោសប្រហារជីវិត និងការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ ក្នុងចំណោម៩។ បន្ថែមពីនេះ សិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ក៏មានការបើកទូលាយ និងមិនមានការរឹតត្បិត ឬដាក់ទោសទណ្ឌអ្វីឡើយ។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានគូសបញ្ជាក់យ៉ាងច្បាស់ថា សូមកុំមានការយល់ច្រឡំថាការទៅចូលរួមការពាររបាយការណ៍ជាតិនៅចំពោះមុខគណៈកម្មាធិការនៃសន្ធិសញ្ញាអន្តរជាតិនីមួយៗថា កម្ពុជាត្រូវបានគេហៅទៅសួរនាំ ឬដាក់សម្ពាធលើវិស័យសិទ្ធិមនុស្សនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់រដ្ឋនីមួយៗដែលផ្តល់សច្ចាប័ន ក្នុងការសរសេររបាយការណ៍ ការការពាររបាយការណ៍ និងអនុវត្តទៅតាមវដ្តនៃសន្ធិសញ្ញានីមួយៗ។
ទេសរដ្ឋមន្រ្តី បានបន្ថែមថា ការការពាររបាយការណ៍ជាតិនៅចំពោះមុខគណៈកម្មាធិការអង្គការសហប្រជាជាតិ គឺជាវេទិកាសន្ទនាប្រកបដោយការស្ថាបនា ដែលអនុញ្ញាតឱ្យកម្ពុជាបង្ហាញពីសមិទ្ធផលពិតប្រាកដ បញ្ឈប់ការភ័ន្តច្រឡំ ឬការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទទួលបាននូវអនុសាសន៍ល្អៗសម្រាប់យកមកធ្វើការកែលម្អប្រព័ន្ធអនុវត្តច្បាប់ និងគោលនយោបាយជាតិឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនេះប្រទេសកម្ពុជាតែងតែមានសុខដុមនីយកម្មលើសាសនា ដែលឆ្លុះបញ្ចាំងពីសេរីភាពជំនឿសាសនា៕




















