FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត យង់ ពៅ៖ កម្ពុជាគួរយកវិធីបុរាណស្តុកទឹកភ្លៀងមកប្រើឡើងវិញ ដើម្បីពង្រឹងសន្តិសុខទឹក និងទប់ទល់ការប្រែប្រួលអាកាសធាតុ

03-09-2026 17:09

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវឱ្យកម្ពុជា យកវិធីសាស្ត្របុរាណក្នុងការប្រមូល និងស្តុកទឹកភ្លៀងមកប្រើប្រាស់ឡើងវិញ ដោយផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងបញ្ហាខ្វះទឹកនៅរដូវប្រាំង និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ការអំពាវនាវបែបនេះរបស់ បណ្ឌិត យង់ ពៅ បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ «ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនោះដែរ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ទឹកមានតម្លៃយ៉ាងជ្រាលជ្រៅនៅក្នុងអរិយធម៌ខ្មែរ ដោយបានចូលរួមក្នុងការរស់នៅ កសិកម្ម សេដ្ឋកិច្ច នយោបាយ ជំនឿ វប្បធម៌ និងសិល្បៈ។ ហើយ ទឹកគឺជាជីវិត ទឹក គឺជានយោបាយ ទឹកគឺជាកសិកម្ម ទឹកគឺជំនឿ វប្បធម៌ និងសិល្បៈ»។ លោកបន្តថា មរតកប្រព័ន្ធគ្រប់គ្រងទឹករបស់ខ្មែរត្រូវបានអនុវត្តអស់រយៈពេលរាប់ពាន់ឆ្នាំ តាមរយៈស្រះ បារាយណ៍ ពាង និងប្រព័ន្ធស្តុកទឹកផ្សេងៗ។

លោកបណ្ឌិតបានលើកឡើងថា កម្ពុជាមានទឹកភ្លៀងច្រើនក្នុងរដូវវស្សា ប៉ុន្តែរដូវប្រាំងតំបន់មួយចំនួនតែងប្រឈមនឹងការខ្វះទឹក។ ដូច្នេះ លោកយល់ថា កម្ពុជាមិនគួរបណ្តោយឱ្យទឹកភ្លៀងហូរចោល ខណៈដែលប្រជាពលរដ្ឋត្រូវប្រឈមនឹងការខ្វះទឹកនៅរដូវប្រាំងនោះឡើយ។ ការពឹងផ្អែកតែលើប្រព័ន្ធផ្គត់ផ្គង់ ទឹកតាមបំពង់ ឬការបូមទឹក អាចមិនគ្រប់គ្រាន់ ប្រសិនបើប្រភពទឹកសម្រាប់បូមមានការរីងស្ងួត។ ដូច្នេះ ការប្រមូលទឹកភ្លៀងទុកប្រើប្រាស់ គួរត្រូវបានចាត់ទុកជាដំណោះស្រាយមួយដែលអាចអនុវត្តបាននៅតាមគ្រួសារ សាលារៀន សហគមន៍ និងស្ថាប័នផ្សេងៗ។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា វិធីសាស្ត្របុរាណ ដូចជាការប្រើពាងស្តុកទឹក នៅតែមានប្រសិទ្ធភាព ហើយអាចផ្សំជាមួយបច្ចេកទេសទំនើបបាន។ លោកថា សម្រាប់គ្រួសារដែលមិនមានលទ្ធភាពទិញធុងស្តុកទឹកធំៗ ពាងផលិតក្នុងស្រុកក៏អាចជាជម្រើសមួយសម្រាប់រក្សាទឹកភ្លៀងទុកប្រើប្រាស់។

លោកក៏បានលើកឡើងពីមរតកនៃការគ្រប់គ្រងទឹកនៅសម័យអង្គរ ដែលបង្ហាញពីសមត្ថភាពរបស់បុព្វបុរសខ្មែរក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកក្នុងទ្រង់ទ្រាយធំ។ លោកចាត់ទុកមរតកនេះថា ជា «គតិបណ្ឌិត» ដែលកម្ពុជាគួរយកមកសិក្សា និងកែសម្រួលឱ្យសមស្របនឹងបច្ចេកវិទ្យា និងតម្រូវការនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ មិនគួរត្រឹមតែជាការរំលឹកអតីតកាលនោះទេ ប៉ុន្តែត្រូវបង្កើតជាទិសដៅសម្រាប់សកម្មភាពជាក់ស្តែងនាពេលអនាគត។ លោកបណ្ឌិតបានលើកឡើងពីគំនិតសំខាន់ចំនួន៣ រួមមាន គតិបណ្ឌិត និងប្រាជ្ញាខ្មែរ សកម្មភាពជាតិ និងការចូលរួមពីសហគមន៍អន្តរជាតិ ដោយមានគោលបំណងភ្ជាប់ចំណេះដឹងពីបុរាណជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប និងគោលនយោបាយ។

លោកក៏បានស្នើឱ្យផ្តោតលើសកម្មភាពសំខាន់ៗចំនួន៥ រួមមាន៖ គោលនយោបាយ ការសម្របសម្រួល ការបង្ហាញភាពជាគំរូ ការអប់រំ និងភាពជាដៃគូជាមួយ សហគមន៍អន្តរជាតិ។

លោកបណ្ឌិតបានបង្ហាញពីគម្រោង «សាលារៀនទឹកភ្លៀង» (Rain School) ដែលជាគំរូនៃការប្រមូល និងប្រើប្រាស់ទឹកភ្លៀងក្នុងវិស័យអប់រំ។ បច្ចុប្បន្ន បានអនុវត្តនៅទីតាំងចំនួន១០ ហើយមានគោលដៅពង្រីកឱ្យបានដល់១០០ទីតាំងនៅទូទាំងប្រទេស ព្រមទាំងពង្រីកទៅកាន់សហគមន៍ និងមណ្ឌលសុខភាពផងដែរ។

លោកបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រសំខាន់ គឺ «ប្រមូលទឹកភ្លៀង រៀនសូត្រពីទឹកភ្លៀង អនុវត្តដំណោះស្រាយ» ហើយយកបទពិសោធន៍ ដែលទទួលបានទៅភ្ជាប់ជាមួយគោលនយោបាយឱ្យកាន់តែទូលំទូលាយ។ បញ្ហាទឹកភ្លៀងពាក់ព័ន្ធនឹងវិស័យជាច្រើន រួមមានសន្តិសុខទឹក សុខភាព ការអប់រំ ការត្រៀមបង្ការគ្រោះមហន្តរាយ ការអភិវឌ្ឍជនបទ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះ លោកយល់ថា បញ្ហានេះគួរត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈថ្នាក់ជាតិ និងអន្តរជាតិ។​

ឆ្លៀតក្នុងឱកាសនេះដែរ លោកបានសង្កត់ធ្ងន់ថា កម្ពុជាគួរប្រើប្រាស់បទពិសោធន៍ពីអតីតកាល ដើម្បីបង្កើតដំណោះស្រាយសម្រាប់អនាគត ដោយមិនគួរបណ្តោយឱ្យទឹកភ្លៀងដែលមានតម្លៃហូរចោល ខណៈដែលប្រជាពលរដ្ឋត្រូវប្រឈមនឹងការខ្វះទឹកនៅរដូវប្រាំងឡើយ៕