Cambodia Travel Match បន្តពង្រីកទីផ្សារទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ
03-09-2026 16:53
(ភ្នំពេញ)៖ PATA Cambodia Chapter ត្រៀមរៀបចំកម្មវិធី Cambodia Travel Match (CTM) 2026 Mini-Series ជាបន្តទៀត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយភ្ជាប់សៀមរាប ភ្នំពេញ និងតំបន់ឆ្នេរកំពត-កែប ទៅក្នុងដំណើរផ្សព្វផ្សាយ និងតភ្ជាប់ទីផ្សារទេសចរណ៍តែមួយ។
កម្មវិធីលើកនេះ នឹងទទួលស្វាគមន៍ Hosted Buyers ចំនួន៤០រូប មកពីប្រទេសហ្វីលីពីន នេប៉ាល់ និងមីយ៉ាន់ម៉ា រួមមានថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ អ្នកគ្រប់គ្រងជាន់ខ្ពស់ Tour Operators និងអ្នកជំនាញផ្នែកលក់ និងទីផ្សារ។ គោលដៅសំខាន់ គឺបង្កើតការតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់ និងប្រែក្លាយការផ្សព្វផ្សាយគោលដៅ ទៅជាឱកាសអាជីវកម្មជាក់ស្តែងសម្រាប់វិស័យទេសចរណ៍កម្ពុជា។
ចំណុចពិសេសនៃកម្មវិធីលើកនេះ គឺការដាក់បញ្ចូល «កំពត និងកែប» ជាគោលដៅឆ្នេរតែមួយ ប៉ុន្តែមានរសជាតិផលិតផលខុសគ្នា និងបំពេញគ្នាទៅវិញទៅមក។
កំពតផ្តល់នូវបទពិសោធន៍ទីក្រុងមាត់ទន្លេ បេតិកភណ្ឌ សហគមន៍ កសិទេសចរណ៍ ម្ហូបអាហារ និងធម្មជាតិ ខណៈកែបផ្តល់នូវបរិយាកាសសមុទ្រស្ងប់ស្ងាត់ កោះ ឆ្នេរ អាហារសមុទ្រ និងបទពិសោធន៍សម្រាកលំហែ។ ការរួមបញ្ចូលគ្នានេះ ធ្វើឱ្យតំបន់កំពត-កែបក្លាយជាផលិតផលគោលដៅតែមួយដែលមានភាពចម្រុះ និងអាចបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ។
CTM មិនត្រូវបានរៀបចំឡើងគ្រាន់តែជាព្រឹត្តិការណ៍ជួបជុំអាជីវកម្មមួយនោះទេ ប៉ុន្តែជាវេទិកាបើកទីផ្សារ ដែលនាំអ្នកទិញអន្តរជាតិមកស្គាល់កម្ពុជាតាមរយៈបទពិសោធន៍ផ្ទាល់ ស្វែងយល់ពីផលិតផលទេសចរណ៍ និងជួបពិភាក្សាដោយផ្ទាល់ជាមួយវិស័យឯកជនកម្ពុជា។ គោលបំណងគឺឱ្យអ្នកទិញមិនត្រឹមតែ «មកឃើញកម្ពុជា» ប៉ុណ្ណោះទេ ប៉ុន្តែអាចយកផលិតផលកម្ពុជាទៅលក់ ទៅផ្សព្វផ្សាយ និងបង្កើតជាកម្មវិធីទេសចរណ៍សម្រាប់ទីផ្សាររបស់ពួកគេ។
តាមរយៈសៀមរាប ភ្នំពេញ កំពត និងកែប CTM 2026 នឹងបង្ហាញថា កម្ពុជាមិនមែនជាគោលដៅទេសចរណ៍ដែលមានតែបេតិកភណ្ឌមួយមុខនោះទេ។ កម្ពុជាអាចផ្តល់បទពិសោធន៍ចម្រុះ ចាប់ពីអរិយធម៌ និងវប្បធម៌ ជីវិតទីក្រុង និងម្ហូបអាហារ រហូតដល់ធម្មជាតិ សហគមន៍ សមុទ្រ និងការសម្រាកលំហែ។
បណ្ឌិត ធួន ស៊ីណាន ប្រធាន PATA Cambodia Chapter បានថ្លែងថា «យើងមិនចង់ឱ្យ CTM បញ្ចប់ត្រឹមការជួបគ្នានៅក្នុងបន្ទប់ប្រជុំនោះទេ។ តម្លៃពិតរបស់ CTM គឺការប្រែក្លាយការតភ្ជាប់ ទៅជាកិច្ចសហការ ការលក់ និងលំហូរភ្ញៀវទេសចរថ្មីមកកម្ពុជា។ កំពត និងកែប គឺជាឧទាហរណ៍ច្បាស់មួយ៖ ជាតំបន់គោលដៅតែមួយ ប៉ុន្តែផ្តល់បទពិសោធន៍ពីរដែលមានអត្តសញ្ញាណខុសគ្នា និងបំពេញគ្នា។ នេះជារបៀបដែលយើងត្រូវអភិវឌ្ឍផលិតផល បង្កើនរយៈពេលស្នាក់នៅ និងនាំ Cambodia to the World»។
CTM 2026 Mini-Series បន្តអំពាវនាវដល់សណ្ឋាគារ រមណីយដ្ឋាន DMC ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួមប្រើប្រាស់វេទិកានេះ ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ពង្រីកបណ្តាញអាជីវកម្ម និងនាំផលិតផលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារថ្មីៗ៕
