អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកតាម៉ុក និងស្ពានទួលប្រាសាទ ខណៈកម្ពស់ទឹកហក់ឡើងដល់កម្រិតត្រូវប្រុងប្រយ័ត្ន
03-09-2026 16:43
(ឧត្តរមានជ័យ)៖ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យស្ថានភាពកម្ពស់ទឹកនៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ ហក់ឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន។
ជាក់ស្តែងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងតាមដានស្ថានភាពទឹកនៅអាងតាម៉ុក និងស្ពានទួលប្រាសាទ ស្ថិតក្នុងឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនេះ លោកអភិបាលខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់ពិនិត្យពីស្ថានភាពកម្ពស់ទឹក ការហូរចេញចូល និងប្រព័ន្ធបង្ហូរទឹក ព្រមទាំងបានណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យបន្តតាមដានស្ថានភាពទឹក និងអាកាសធាតុជាប្រចាំ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ក្នុងករណីមានស្ថានភាពកើនឡើងជាថ្មី។
លោក មាន ចាន់យ៉ាដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពរបស់កុមារតូចៗ ព្រមទាំងត្រូវទុកដាក់សម្ភារៈ និងឯកសារសំខាន់ៗនៅកន្លែងដែលមានសុវត្ថិភាព ដើម្បីជៀសវាងការខូចខាត ឬបាត់បង់ដោយប្រការណាមួយ។
ជាមួយគ្នានេះ លោកអភិបាលខេត្តឧត្តរមានជ័យ បានសង្កត់ធ្ងន់ថា អាជ្ញាធរខេត្ត និងក្រុមការងារជំនាញ ត្រូវបន្តតាមដានស្ថានភាពទឹក និងអាកាសធាតុយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិ និងកម្លាំងសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋបានភ្លាមៗ ប្រសិនបើមានហេតុការណ៍ចាំបាច់កើតឡើង។
គួរបញ្ជាក់ថា បន្ទាប់ពីមេឃស្រឡះ និងក្រោមការសម្របសម្រួលប្រព័ន្ធបង្ហូរទឹក ស្ថានភាពកម្ពស់ទឹកនៅអាងតាម៉ុក នៅពេលនេះមានការស្រកចុះវិញហើយ។ គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្ពស់ទឹកមានប្រមាណ ៣,៥៧ម៉ែត្រ ខណៈកាលពីថ្ងៃទី២ ខែកញ្ញា មានកម្ពស់ ៣,៨១ម៉ែត្រ មានន័យថា ទឹកបានស្រកចុះប្រមាណ ០,២៤ម៉ែត្រ។
ទោះបីស្ថានភាពទឹកមានការស្រកចុះវិញក្តី អាជ្ញាធរខេត្ត និងក្រុមការងារជំនាញ នៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ថានភាពជាប្រចាំ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បានទាន់ពេលវេលា និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះស្ថានភាពអាកាសធាតុក្នុងរដូវវស្សា អាចនឹងមានភ្លៀងធ្លាក់បន្តទៀត៕














