FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត សុខ ទូច ៖ ទឹកភ្លៀង ជាកិច្ចការរបស់អ្នកទាំងអស់គ្នា និងទាមទារឱ្យមានសកម្មភាពរួម ដើម្បីប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព

03-09-2026 16:20

(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង គឺជាកិច្ចការរួមរបស់មនុស្សគ្រប់រូប ដែលទាមទារឱ្យមានការចូលរួម និងសកម្មភាពពីគ្រប់ភាគី ដើម្បីធានាឱ្យធនធានទឹកភ្លៀងអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ការលើកឡើងបែបនេះរបស់ លោក សុខ ទូច បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ «ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងឱកាសនេះ លោក សុខ ទូច ក៏បានថ្លែងអំណរគុណ និងសូមស្វាគមន៍ចំពោះ លោក លោកស្រី ក្នុងរយៈពេល ២ ថ្ងៃដែលកន្លងមកនេះ ដែលបានរួមចំណែក បទពិសោធន៍ ចំណេះដឹង និងទស្សនៈជាច្រើនយ៉ាងសំបូរបែប តាមរយៈពិធីបើកកម្មវិធីជាផ្លូវការ និងវេទិកាថ្នាក់រដ្ឋមន្ត្រីក្រោមប្រធានបទទឹកភ្លៀង សម្រាប់អ្នកចូលរួមទាំងអស់គ្នា រួមសកម្មភាព ដោយអ្នកទាំងអស់គ្នាក៏ដូចជាសិក្ខាសាលា និងវេទិកាបច្ចេកទេសជាច្រើនផ្នែក ដែលពិភាក្សាស៊ីជម្រៅអំពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង តួនាទីរបស់យុវជន និងគោលនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក។

ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបញ្ជាក់ថា រាល់ការចូលរួមចែករំលែក និងពិភាក្សាទាំងនេះ សុទ្ធសឹងតែជាការឆ្លុះបញ្ចាំងអំពីស្មារតីរួមគ្នាថា ទឹកភ្លៀងជាកិច្ចការរបស់ អ្នកទាំងអស់គ្នា និងទាមទារឲ្យមានសកម្មភាពពីអ្នកទាំងអស់គ្នា។

លោកបានបន្ដថា ថ្ងៃនេះ គឺជាថ្ងៃមួយដ៏មានលក្ខណៈពិសេសខុសពីថ្ងៃទី២ ដែលបានផ្ដោតសំខាន់ទៅលើកិច្ចពិភាក្សាថ្នាក់ជាតិ និងផ្នែកបច្ចេកទេស។ហើយក៏បានរំលេចអំពី ទឹកភ្លៀងឲ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិជាបន្តបន្ទាប់ ជាពិសេសបានស្ដាប់នូវសេចក្តីប្រកាសវេទិកាទឹកភ្លៀងខ្មែរ (Khmer Rainwater Declaration) ដែលជានិមិត្តរូបនៃការទទួលស្គាល់ជាផ្លូវការនូវតម្លៃវប្បធម៌។

ជាមួយគ្នានេះ លោក លោក សុខ ទូច បានបន្ថែមថា សេចក្តីប្រកាសអំពីទីក្រុងភ្នំពេញស្ដីអំពីទឹកភ្លៀង ដែលជាផ្លែផ្កាដ៏មានតម្លៃបំផុតមួយ និងជាការខិតខំប្រឹងប្រែងរបស់អ្នកចូលរួមក្នុងសន្និសីទ ហើយអាចក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការណែនាំទិសដៅសហប្រតិបត្តិការទឹកភ្លៀងទាំងអស់នៅកម្ពុជា និងនៅក្នុងតំបន់មូសុងទាំងមូលផងដែរ៕