ក្រសួងវប្បធម៌ ត្រៀមតម្រង់ទិស ស្ដីអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់ នៅក្នុងទម្រង់ទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរនៅចុងខែនេះ
03-09-2026 16:06
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ស្ដីអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់នៅក្នុងទម្រង់ទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ នៅចុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងវប្បធម៌។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបន្ទប់ប្រជុំអប្សរានៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយព្រឹទ្ធាចារ្យ និងអ្នកស្រាវជ្រាវនៃអគ្គនាយកដ្ឋានបច្ចេកទេស ពីការរៀបចំបើកសិក្ខាសាលាតម្រង់ទិស ស្ដីអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់នៅក្នុងទម្រង់ទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ ដល់បងប្អូនអ្នកដែលមានមុខរបរកទទួលទានលើវិស័យសម្អាងការ និងអ្នកមានមុខរបទទួលទានប្រហាក់ប្រហែល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្បៃខ្មែរ និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណី ជាពិសេសក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដើម្បីរួមចំណែកក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យកាន់តែច្បាស់ និងទូលំទូលាយ។
បើតាមក្រសួងវប្បធម៌ សិក្ខាសាលានេះ នឹងមានគម្រោងរៀបចំឡើងនៅចុងខែកញ្ញាខាងមុខ។
សូមជម្រាបថា ស្បៃ ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្រ្តីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ចព្រះថោងតោងស្បៃ គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុកនិងគោរពអនុវត្តគ្រប់ៗជំនាន់រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត៕



