ក្រោយសាកសួរ! ម្ចាស់ហ្វេសប៊ុកផេក «SRD ព័ត៌មានខេត្តតាកែវ» ថាខ្លួនផ្សាយដោយគ្មានប្រភពច្បាស់លាស់ ធ្វើប៉ះពាល់កិត្តិយសរដ្ឋបាលខេត្ត ករណីបង្ហោះថា «បែកធ្លាយរឿងមន្ត្រីបច្ចេកទេសខេត្តតាកែវ ចុះបិទផ្លូវគម្រោងមូលនិធិឃុំសង្កាត់ម្តងៗ ទារភាគរយ ២% ទៅ៥%»
03-09-2026 16:00
(តាកែវ)៖ មន្ទីរព័ត៌មានខេត្តតាកែវ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញម្ចាស់ហ្វេកប៊ុកផេក «SRD ព័ត៌មានខេត្តតាកែវ» មកសាកសួរពាក់ព័ន្ធករណីបង្ហោះព័ត៌មានថា «បែកធ្លាយរឿងមន្ត្រីបច្ចេកទេសចុះបិទផ្លូវគម្រោងមូលនិធិឃុំសង្កាត់ម្តងៗ ទាមទារភាគរយ ពីក្រុមហ៊ុន ២ភាគរយ ទៅ៥ភាគរយ តាមបរិមាណផ្លូវ នេះបើតាមការបង្ហើបពីក្រុមហ៊ុនមួយចំនួននៅក្នុងខេត្ត»។
បន្ទាប់ពីចូលបំភ្លឺនៅមន្ទីរព័ត៌មានខេត្តតាកែវរួច នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ម្ចាស់ហ្វេសប៊ុកផេក «SRD ព័ត៌មានខេត្តតាកែវ» បានផ្សព្វផ្សាយកែតម្រូវវិញថា ព័ត៌មានដែលផ្សព្វផ្សាយនោះ គឺគ្មានប្រភពព័ត៌មានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់ទៅដល់កិត្តិយសរដ្ឋបាលខេត្តតាកែវ ពិសេសនាយកទីចាត់ការផែនការវិនិយោគខេត្ត។
យ៉ាងក៏មន្ត្រីសាលាខេត្តតាកែវ បានស្នើសុំយ៉ាងទទូចទៅដល់បងប្អូនអ្នកសារព័ត៌មាន មុននឹងផ្សព្វផ្សាយ សូមផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់ ប្រសិនបើច្បាស់លាស់ថា មន្ត្រីណាជាអ្នកប្រព្រឹត្តិអំពើមិនសមរម្យ សូមដាក់ឈ្មោះមន្ត្រីនោះឱ្យចំៗ ជៀងវាងការវាយអ៊ួទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីផ្សេងៗ ដែលបម្រើការងារក្នុងអង្គភាព៕


