FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំការពង្រឹងវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្រុងបាវិត

03-09-2026 15:36

(ស្វាយរៀង)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងលោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុងបាវិត លោកអធិការនគរបាលក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរព័ត៌មានខេត្ត លោកនាយក-នាយករងរដ្ឋបាលក្រុង និងលោក-លោកស្រីចៅសង្កាត់ទាំង៥ នៃរដ្ឋបាលក្រុងបាវិត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្រ ពង្រឹងការអនុវត្តច្បាប់ និងបង្កើនកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នអយ្យការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីក្តាប់សភាពការណ៍ ស្រាវជ្រាវ ស្វែងរក និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបទល្មើសបច្ចេកវិទ្យា ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ។

លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិតបានអានបាយការណ៍ស្តីពីការចុះធ្វើរដ្ឋបាលចំហ តាមបណ្តាខុនដូ សណ្ឋាគារ វីឡា ផ្ទះសំណាក់ ផ្ទះជួល ក្នុងភូមិសាស្ត្រក្រុងបាវិត ចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រួមមាន៖ ចុះធ្វើរដ្ឋបាលចំហ ជនបរទេសស្នាក់នៅ ចំនួន ៩សញ្ជាតិ ស្មើនឹង ៩៧៨ នាក់ (ស្រី ១៦៥ នាក់)។ ចុះបង្ក្រាប ជនបរទេសពាក់ព័ន្ធការលួចបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ៧៣ទីតាំង មាន ៩សញ្ជាតិ ស្មើនឹង ៥៥៩ នាក់ (ស្រី ៩០ នាក់)។ ចុះធ្វើរដ្ឋបាលចំហ តាមបណ្តាខុនដូ សណ្ឋាគារ វីឡា ផ្ទះសំណាក់ ផ្ទះជួលសរុប២៥៥ទីតាំង។

ក្នុងឱកាសនោះ លោកខាំ សុផារី ព្រះរាជអាជ្ញា និងលោកអភិបាលរងខេត្ត បានផ្តល់ការណែនាំ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងមានសមត្ថកិច្ច៖

*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងក្តាប់ឱ្យបានច្បាស់លាស់នូវរាល់ទីតាំងអាជីវកម្ម អគារជួល និងការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋាន
*ទី២៖ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងសហការជាមួយមន្ទីរជំនាញបច្ចេកទេស ក្នុងការតាមដានមុខសញ្ញាដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបណ្តាញសង្គម និងប្រព័ន្ធឌីជីថល
*ទី៣៖ បន្តផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្លាក់ចូលទៅក្នុងអំពើឆបោកតាមរូបភាពផ្សេងៗ
*ទី៤៖ ត្រូវចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង ចំពោះជនល្មើសទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានៅក្នុងដែនសមត្ថកិច្ច៕